(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំដំរីផុង បានរៀបចំពិធីសម្ពោធអគារសិក្សាថ្មី នៅសាលាបឋមសិក្សាបាល្ល័ង សម្រាប់ឆ្នាំសិក្សាថ្មី២០២០ ក្រោមអធិបតីភាពលោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំដំរីផុង ដោយមានការចូលរួមពីលោក លោកស្រី និងអង្គការអភិវឌ្ឍន៍ដៃគូ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្អ និងអាណាព្យាបាល នៅក្នុងទឹកដីភូមិបាល្ល័ង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ឆ្លៀងក្នុងឱកាសនោះ លោក ម៉ន គ្រីយ៉ា បានសម្ដែងនូវការអបអរសាទរ ដោយក្តីសោមនស្សរីករាយបំផុត និងសូមនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ប្រធានក្រុមការងារថ្នាក់ជាតិ និងប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានយកអស់កម្លាំងកាយចិត្ត អប់រំ និងដឹកនាំការបង្រៀនក្នុងថ្នាក់ និងបំពេញការងារបម្រើ ឲ្យវិស័យអប់រំ ព្រមទាំងអរគុណដល់ដៃគូអភិវឌ្ឍនានា ជាពិសេសក្រុមហ៊ុន ម៉ាឃីតត្រាស់ (Market Trust Co.,Ltd) តាមរយៈអង្គការ ជេ អេជ ភី (JHP) ដែលបានសាង សង់អគារសិក្សា១ខ្នង មាន៣បន្ទប់ បន្ទប់ទឹក១ ចំណុះ១០ម៉ែត្រគូប ដោយចំណាយថវិកាសរុបអស់ ៥៤,៦៨៤ដុល្លារអាមេរិក និងបំពាក់នូវគ្រឿងសង្ហារឹមគ្រប់គ្រាន់ សម្រាប់ក្មួយៗសិស្សានុសិស្សផងដែរ។

សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញពីសការចូលរួមប្រកបដោយផ្លែផ្កា ជាឆន្ទៈដ៏ភ្លឺស្វាង និងប្រកបដោយមនុស្សធម៌ ក្នុងការចែករំលែកដើម្បីអភិវឌ្ឍន៍ ដែលសកម្មភាពទាំងនេះ គឺជាមូលធនសង្គមដ៏ចាំបាច់របស់សង្គមជាតិ និងជាឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាង សម្ដៅកសាងសង្គមជាតិមួយ ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

លោកសង្ឃឹមថា តាមរយៈសមិទ្ធផល បទពិសោធន៍ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ នាពេលកន្លងមក និងទៅអនាគតគឺជាធាតុចូលដ៏សំខាន់ សម្រាប់ជួយជំរុញ និងលើកទឹកចិត្តដល់សិស្ស ក្នុងការសិក្សារៀនសូត្រ ឲ្យសម្រេចគោលបំណងនៃការសិក្សា ក្លាយជាធនធាន ប្រកបដោយចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យឲ្យមានការរីកចម្រើនឆាប់រហ័ស ទាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក។

តាមរយៈនេះ លោកសូមឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលមានលោកប្រធានការិយាល័យអប់រំស្រុក លោកនាយកសាលា ក្រុមប្រឹក្សាឃុំ នៅទីនេះស្រាប់ រួមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់ការកសាងធនធានមនុស្ស សម្រាប់បំពេញតម្រូវការ និងភាពឆ្លើយតបទាំងពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតក្នុងពេលនេះដែរ លោកក៏បានសំណូមពរ ដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន ដើម្បីឲ្យការសិក្សារបស់សិស្សប្រកបដោយគុណភាព ប្រសិទ្ធភាព និងចូលរួមថែរក្សាអគារសិក្សា បង្គន់អនាម័យ និងសមិទ្ធផលដទៃទៀតសម្រាប់ការប្រើប្រាស់បានយូរអង្វែង។

ក្រុមការងារថ្នាក់ជាតិចុះជួយឃុំដំរីផុង ក៏បានឧបត្ថម្ភថវិកាចំនួន ៩២០,០០០រៀល ដល់ប្រជាពលរដ្ឋភូមិបល្ល័ង្គ ឃុំដំរីផុង ដើម្បីជួសជុលតារាងបាល់ទាត់ផងដែរ៕