(កំពង់ធំ)៖ លោក យឹម លាត អ្នកតំណាងរាស្រ្តមណ្ឌលកំពងធំ បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវគ្រួសក្រហម ប្រវែង ៤២០០ម៉ែត្រ ស្ថិតនៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជប៉ុន គ្រេតហ្វាម័រ (Great famer)។

ពិធីសម្ពោធផ្លូវលំនេះ បានធ្វើនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ ២០២០ ម្សិលមិញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ណែត សារី អភិបាលស្រុកស្ទោង បានធ្វើរបាយការណ៍សង្ខេបពីការសាងសង់ផ្លូវគ្រួសក្រហម មានប្រវែង៤២០០ ម៉ែត្រនិងគ្រោងចាក់បេតុងលើផ្លូវគ្រួសក្រហម្រវែង១២០០ម៉ែត្រ ដែលស្ថិតនៅភូមិលាបទង-កំពង់ក្តី-កំពង់ចិន-ជីយោគ-ស្វាយស ឃុំកំពង់ចិនត្បូង ដែលសាងសង់ដោយក្រុមហ៊ុនជប៉ុន គ្រេតហ្វាម័រ (Great famer) ដែលបានឧបត្ថម្ភគាំទ្រ។

ជាមួយគ្នានេះដែរ លោក យឹម លាត បានសំដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់រក្សា បាននូវសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ ក៏ដោយសារនយោបាយដ៏ត្រឹមត្រូវរបស់សម្តេច ជាប្រមុខដឹកនាំជាវីរជន កំពូលរបស់ជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិបានធ្វើឱ្យភាគ្គីជម្លោះទាំងអស់ រស់នៅជាមួយគ្នាប្រកប ដោយសុខដុមរមនា និងសេចក្តីថ្លៃថ្នូ យើងត្រូវលើកកម្ពស់នៅក្នុងប្រទេសជាតិ និងអន្តរជាតិទាំងអស់នេះហើយជាក្តីមោទនភាពរបស់យើង។

លោកបានបន្តថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានលើកឡើងជាអាទិភាពចំបងៗរួមមាន៖ ផ្លូវ ភ្លើងទឹក មកដល់ជនបទ ដែលមិនធ្លាប់មានហើយក៏បានធ្វើឱ្យទីក្រុង និងជនបទកាន់តែមានការខិតជិតគ្នាពោល គឺមានផ្លូវ មានស្ពានគឺមានក្តីសង្ឃឹម ធ្វើឱ្យមានការអភិវឌ្ឍឆាប់រហ័ស។

ក្នុងនោះដែរ លោក យឹម លាត បានថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនគ្រេតហ្វាម័រ (Great famer) ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសង់សង់ផ្លូវ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋមានទុក្ខលំបាកពិសេសសម្រាប់ដឹកជញ្ជួនកសិផលនិងការធ្វើដំណើរសិក្សារៀនសូត្រ។ ចាប់ពីពេលនេះតទៅទៀត ប្រជាពលរដ្ឋក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អស់ក្តីបារម្ភលើបញ្ហាផ្លូវ ធ្វើដំណើរទៀតហើយ ដោយសារមានក្រុមហ៊ុនអចលនទ្រព្យ Great Farmer បានឧបត្ថម្ភផ្លូវគ្រួសក្រហម ៤២០០ម៉ែត្រ។

ជាមួយគ្នានេះលោកនឹងខិតខំរកដៃគូក្នុង និងក្រៅប្រទេស ដើម្បីយកមកអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានស្រុកស្ទោង និងអំពាវនាវដល់ពលរដ្ឋទាំងអស់ ចេះជួយថែរក្សាផ្លូវលំ ដើម្បីប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុនគ្រេតហ្វាម័រ (Great famer) នេះ គឺមានអាយុកាល៧០ឆ្នាំហើយ ដែលមានទីតាំងជាច្រើនប្រទេសនៅលើពិភពលោក៕