(ភ្នំពេញ)៖ សហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់ លក្ខខណ្ឌការងារ រវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពល្អប្រសើរ រួមទាំងការចូលរួមដោះស្រាយបញ្ហាវិវាទការងារ ដូចជាការពង្រឹងមន្ត្រីអធិការកិច្ច ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពជាដើម។

ការសម្ដែងការពេញចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃសហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក អ៉ិត សំហេង បានលើកឡើងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងដល់កម្ពុជាពីសំណាក់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៧មក។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានបន្តថា ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួង និង ACILS ក្នុងគោលដៅចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សហជីព AFI-CIO តាមរយៈ ACILS ដែលបានចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា និងជំរុញការអនុវត្តការងាររបស់ ACILS ឱ្យស្របតាមអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ។

លោករដ្ឋមន្ត្រីបានជំរុញឱ្យ ACILS អនុវត្តកាតព្វកិច្ចការចុះបញ្ជីឱ្យស្របតាមច្បាប់ជាធរមាន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងអង្គការ ACILS តាមរយៈ៖
* ការលើកកម្ពស់សមត្ថភាពសហជីពមូលដ្ឋាន
* ការផ្សព្វផ្សាយច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម
* ការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ
* ការលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កិច្ចសន្ទនាសង្គម
* ការពង្រឹងនិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកស្រី ខេតធី ក៏បានបង្ហាញពីការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារ ដែលកម្ពុជាបាននិងកំពុងធ្វើជាមួយសហរដ្ឋអាមេរិក និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ដើម្បីឱ្យការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារនេះកាន់តែមានភាពល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា អង្គការ AFL-CIO ជាសហព័ន្ធសហជីពធំជាងគេនៅសហរដ្ឋអាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន។ ACILS មានវត្តមានដំបូងនៅកម្ពុជានាចុងឆ្នាំ១៩៩៣ ក្រោមឈ្មោះថា Asian American Free Labor Institute (AAFLI)៕