(កំពង់ចាម)៖ មីជាតិ បានចូលរួមបរិច្ចាគមីចំនួន ១០០កេស ជូនប្រជាពលរដ្ឋទីទ័លក្រ ១០០គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ដោយសហការ ជាមួយអង្គការមូលនិធិគាំទ្រកុមារ និងអជ្ញាធរមូលដ្ឋាន។

កម្មវិធីសប្បុរសធម៌នេះ ត្រូវបានរៀបចំឡើងក្នុងបរិវេណសាលាបឋមសិក្សាកណ្តាលកោះត្បូង ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក វ៉េង រចនា តំណាងក្រុមហ៊ុន ផលិតផល មីជាតិ បានឲ្យដឹងថា «ការចូលរួមរបស់មីជាតិ ក្នុងថ្ងៃនេះ កើតចេញពី ក្តីអាណិតស្រលាញ់ និងចង់ចូលរួម សម្រួលដល់ជីវភាពប្រជាជនកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយការចូលរួមនេះ ក៏សរបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់មីជាតិ ក្នុងសកម្មភាពសង្គម ពិសេសកម្មវិធីសប្បុរសធម៌ជាមួយប្រជាជនខ្មែរយើង»

លោកបន្តថា «ក្នុងនាមជាជាតិសាសន៍ដូចគ្នាយើងត្រូវចេះជួយគ្នា។ បើប្រជាជនខ្មែរបន្តគាំទ្រមីជាតិ ដែលជាស្មាដៃខែ្មរ មីជាតិនឹងបន្តជួយសង្គម និងប្រជាជនខ្មែរយើងវិញ ដូច្នេះ សូមប្រជាជនខ្មែរយើងបន្តគាំទ្រមីជាតិ ដើម្បីឲ្យមីជាតិ មានលទ្ធភាពបន្តជួយលើកស្ទួយសង្គមកម្ពុជាយើងបន្តទៀត»

អ្នកតំណាង ក្រុមហ៊ុនផលិតផលមីជាតិ ក៏បានអំពាវដល់សាធារណជន យុវជនប្រុសស្រី និងក្រុមហ៊ុនឯកជននានាផ្សេងទៀតរួមគ្នាបង្កើត និងចូលរួម ក្នុងសកម្មភាពសប្បុរសធម៌ ជួយសង្គមឲ្យកាន់តែទូលំទូលាយបន្តទៅទៀត។

នេះមិនមែនជាលើកទី១ទេ ដែលមីជាតិចូលរួមក្នុងសកម្មភាពសប្បុរសធម៌ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ មីជាតិ ក៏បានសហការជាមួយវីតាល់ រៀបចំកម្មវិធី ផ្តល់អំណោយជា អាវ ភួយ ថ្នាំសង្កូវ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាជនខ្វះខាតប្រមាណ ៣០០នាក់ ក្នុងរាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ផងដែរថា មីជាតិ ជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលមានរសជាតិបែបខ្មែរ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា និងត្រូវបានផលិតឡើងដោយប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីធានាឲ្យបាន គុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ៕