(កំពង់ចាម)៖ ការងារមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចភាពនឿយហត់ ដោយការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ គឺសំដៅចង់ឃើញប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល មានសុខភាពល្អ ដែលជាកិច្ចការមួយបានរួមចំណែកវិស័យសុខាភិបាលជាច្រើនផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៤៩នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត បានបន្តចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៦,៧៨៩នាក់ នៅវិទ្យាល័យសម្ដចជួនណាត ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ការងារមនុស្សធម៌នេះ ក៏បានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានសុភមង្គលក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គម។ ទោះជាយ៉ាងណា ប្រទេសជាតិយើងអាចធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពទៅបាន ដ៏រាបណាប្រជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត កម្លាំងពលំមាំមួន។ ហេតុនេះហើយបានជាលោក ហ៊ុន ម៉ានី រៀបចំកម្មវិធីនេះឡើង ហើយវានឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅទូទាំងខេត្ត។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានការពិនិត្យ និងព្យាបាល បានថ្លែងអំណរគុណ វាយតម្លៃខ្ពស់ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងកាយចិត្ត និងថវិការបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានបំពេញបេសកកម្មការងារមនុស្សធម៌ ដ៏ថ្លៃថ្លានេះក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុចំបង គឺចូលរួមថែរក្សាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ឱ្យបានល្អប្រសើរ។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ...។ល។

លោក លេង ផាលី បានគូសបញ្ជាក់ថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ) មានរយៈពេល៨ឆ្នាំ ដែលគិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួន២១៣លើក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិតសិបប្រាំនាក់ ) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៥១៧,៤៧២នាក់ (ហាសិបមួយម៉ឺនប្រាំពីរពាន់បួនរយចិតសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤៧,៩១៩នាក់ (សាមសិបបួនម៉ឺនប្រាំពីរពាន់ប្រាំបួនរយដប់ប្រាំបួននាក់)។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៣២០៣នាក់, ជំងឺស្រ្តី៤១៧នាក់, ជំងឺផ្លូវចិត្ត១៦១នាក់, ជំងឺឫសដូងបាត១៣២នាក់, ជំងឺសន្លាក់ឆ្អឹង២៧១នាក់, ជំងឺរលាកសួត៩១នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក១០៣នាក់, ជំងឺភ្នែក៧៦នាក់, ជំងឺសើរស្បែក២៨៣នាក់, ជំងឺទឹកនោមផ្អែ៦១៩នាក់, ជំងឺមាត់ធ្មេញ១២០នាក់, អេកូសាស្ត្រ៣២៧នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៩៥នាក់, វាស់ចង្វាក់បេះដូង១៨៧នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់១៨៩នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍៤៦២នាក់, ព្យាបាលរបួសនិងវះកាត់តូច៩៦នាក់ និងជំងឺទូទៅ២៩៥៧នាក់៕