(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញពីភាពរឹងមាំនៃវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២០នេះ។ លោកបានអះអាងថា វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ នៅតែល្អប្រសើរ។

ការឲ្យដឹងបែបនេះរបស់លោក ច្រឹក សុខនីម ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News។

លោក ច្រឹក សុខនីម បានឲ្យដឹងថា នៅដើមឆ្នាំ២០២០នេះចន្លោះពីខែមករា ដល់ខែកុម្ភៈ ពុំទាន់មានការទិញ-លក់ដីធ្លីច្រើនឡើយ ប៉ុន្ដែពុំទាន់មានការទិញលក់ច្រើន ក៏មិនមែនមានន័យថា មានឧបសគ្គនោះឡើយ។

លោកបានបន្ថែមថា «ខ្ញុំនៅតែមានគំនិតវិជ្ជាមានថា ឆ្នាំ២០២០កំណើនសេដ្ឋកិច្ចនៅកម្ពុជា និងកំណើនអចលនទ្រព្យ នៅតែបន្ដរីកចម្រើនក្នុងចន្លោះ១៥ភាគរយ បើធៀបនឹងឆ្នាំមុនៗ ដោយសារតែកម្ពុជានៅតែរក្សាភាពរឹងមាំ ក្នុងវិស័យអចលនទ្រព្យ។ កត្តាដែលជំរុញឲ្យវិស័យអចលនទ្រព្យ នៅឆ្នាំ២០២០ បន្ដរឹងមាំ គឺអាស្រ័យលើកត្តាខុដូ ដោយបច្ចុប្បន្ននេះកំណើនខុនដូ មានការកើនឡើង, កំណើននៃបុរី, ផ្ទះល្វែងក៏មានច្រើនឡើង ប៉ុន្ដែបើប្រៀធៀបចំនួនផ្ទះ និងចំនួនប្រជាជនក៏នៅតែមានការខ្វះខាតច្រើនដែរ ហើយការផលិតមិនទាន់គ្រប់គ្រាន់ ដូច្នេះទើបធ្វើឲ្យវិស័យអចលនទ្រព្យបន្ដកើនឡើង»

លោកបានបញ្ជាក់ទៀតថា កត្តាមួយទៀត គឺកត្តានៃការរីកចម្រើននៅកម្ពុជា ដែលធ្វើឲ្យជីវភាព និងលទ្ធភាពរបស់ប្រជាជន មានការកើនឡើងហើយ ក៏មានការចូលមកវិនិយោគពីវិនិយោគិន តាមបណ្ដាប្រទេសផ្សេងៗ។ ការចូលមកវិនិយោគរបស់វិនិយោគិនបរទេស គឺដោយសារយើងបានភ្ជាប់ប្រទេសកម្ពុជា ជាប្រទេសក្នុងតំបន់អាស៊ាន, ភ្ជាប់កម្ពុជាទៅក្នុងសកល ដូច្នេះបានជាវិនិយោគិនសម្លឹងពីឱកាសវិនិយោគ និងសម្រុកចូលមកវិនិយោគនៅកម្ពុជា។

លោកបានបន្ដថា «ប្រទេសកម្ពុជា អ្នកជំនាញវិស័យអចលនទ្រព្យ គេបានវាយតម្លៃថា ជាប្រទេសដែលមានភាពទាក់ទាញបំផុត ពិសេសវិស័យអចលនទ្រព្យទេសចរណ៍ និងវិស័យអចលនទ្រព្យកសិកម្ម»

ជាមួយគ្នានេះ លោក ច្រឹក សុខនីម ក៏បានមើលឃើញពីការកត្តាសន្ដិភាពផងដែរ ដែលបានជួយរុញច្រានវិស័យអចលនទ្រព្យកម្ពុជា កាន់តែរីកចម្រើន។ លោកថា ប្រសិនបើមិនមានសន្ដិភាពទេ យើងនឹងមិនអាចរត់ឆ្ពោះទៅរកភាពរីកចម្រើនបានឡើយ៕