(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីក្តាប់សភាពការណ៍ ពង្រឹងបង្ការទប់ស្កាត់បំបែក រាល់បាតុភាពបង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឱ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ទាំងមូល។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត នាយក-នាយករងរដ្ឋបាល សាលាខេត្ត នាយក-នាយករង ទីចាត់ការសាលាខេត្ត ស្ថាប័នតុលាការ កងកំលាំងប្រដាប់អាវុធទាំង០៣ប្រភេទ អភិបាលក្រុងស្រុក ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជាពិសេសត្រូវសំរេចរាល់ភារកិច្ចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានដាក់បញ្ជារចេញទៅ ដែលជាការអនុវត្តន៍តាមគោលការ ផែនការ ការតព្វកិច្ច ភារកិច្ច តាមគោលដៅរៀងខ្លួន គឺដាច់ខាតត្រូវធ្វើឱ្យខានតែបាន ពោលគឺការពារប្រសើរជាងព្យាបាល ដែលស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ។

បន្ថែមលើសពីនេះ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រុងស្រុក ត្រូវត្រៀមខ្លួន ឱ្យបានរួចរាល់គ្រប់ពេលវេលា ធានាឱ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហា បំបែកការប្រមូលផ្តុំ រាល់បាតុភាពបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ឱ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕