(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានណែនាំឲ្យអគ្គលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រៀបចំប្រជុំអន្តរក្រសួងជាបន្ទាន់មួយ ដើម្បីស្វែងរកគន្លឹះដោះស្រាយ ភាពអសកម្ម បញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលកើតចេញពីការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី វេង សាខុន អញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈប្រចាំឆ្នាំ ស្តីពី «កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច» ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

វេទិកាសាធារណៈប្រចាំឆ្នាំនេះ មានការអញ្ជើញចូលរួម ពីលោក លោកស្រី តំណាងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ លោក លោកស្រី លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុនឯកជន អង្គការជាតិ-អន្តរជាតិ សមាជិក សមាជិកាប្រមាណ៥៥០នាក់។

ជារៀងរាល់ឆ្នាំក្រសួង បានរៀបចំវេទិកានេះឡើង គឺដើម្បីពិនិត្យ និងវាយតម្លៃ លើរាល់សមិទ្ធផលដែលសម្រេចបាន នាឆ្នាំកន្លងមក ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច គម្រោងអភិវឌ្ឍវិស័យកសិកម្ម លើកយកបញ្ហាប្រឈមមកពិនិត្យនិងដោះស្រាយ ទទួលយកនូវអនុសាសន៍ មតិ យោបល់ ចំណោទសួរពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំចងក្រងជាយុទ្ធសាស្រ្ត ឬយន្តការដោះស្រាយ ឲ្យបានស៊ីជម្រៅ ទាន់ពេល និងមានប្រសិទ្ធភាពនូវរាល់បញ្ហាពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចផងដែរ។

ម៉្យាងវិញទៀត វេទិកានេះ បានផ្តល់ឱកាសឲ្យគ្រប់ភាគីមានជាអាទិ៍៖ ក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសមាគម សហគមន៍ទាំងអស់ បានមកធ្វើការ ចែករំលែកនូវរាល់ចំណេះដឹង បទពិសោធន៍ ផ្តល់ជាគំនិត យោបល់ ឬយុទ្ធសាស្រ្តល្អៗក្នុងការអភិវឌ្ឍ ការការពារ និងគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ដែលធាតុចូលដ៏មានតម្លៃទាំងនេះ គឺជាគន្លឹះ ឬជាត្រីវិស័យ សម្រាប់ យើងទាំងអស់គ្នា ដើរឲ្យដល់គោលដៅគឺធ្វើយ៉ាងណា សម្រេចឲ្យបានចក្ខុវិស័យក្នុងការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ រួមចំណែកអភិវឌ្ឍវិស័យកសិកម្ម កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង ការនាំចេញ និងកំណើនប្រាក់ចំណូលក្នុងគ្រួសារ។

លោក ម៉ម អំណត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ រៀបចំវេទិកាសាធារណៈ នាពេលនេះ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធី ជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។

លោករដ្ឋមន្រ្តី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង លោកបានថ្លែងអំណរគុណ ជូនចំពោះវត្តមានសមាជិក សមាជិកានៃអង្គពិធី និងវាយតម្លៃខ្ពស់ចំពោះ គ្រប់គាភីពាក់ព័ន្ធទាំងអស់ ដែលបាន ខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមគាំទ្រ ផ្តល់ជាគំនិត និងកិច្ចសហការបានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រសួងសម្រេចទទួលបាន សមិទ្ធផលធំៗជាច្រើន ដូចអ្វីដែលលោក ម៉ម អំណត់ បានរំលេចជូនអង្គពិធី បានជ្រាបខាងដើម។

លោករដ្ឋមន្ដ្រី បន្ដទៀតថា តែទោះជាយ៉ាងណា យើងទទួលស្គាល់ហើយថា វិស័យកសិកម្ម មានការអភិវឌ្ឍរីកចម្រើនទៅបាន នៅពេលណាក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធផ្សេងៗជាច្រើនទៀត ចូលរួមគាំទ្រ និងសហការ ឲ្យបានពេញលេញបន្ថែមទៀត តាមគ្រប់ស្ថានការណ៍ ដោយឈរលើទិសដៅ និងប្រយោជន៍រួមតែមួយ គឺសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ការធ្វើយន្តូបនីយកម្មកសិកម្ម ការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វនិងវារីវប្បកម្ម ការគ្រប់គ្រងសម្បទាដីសដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារ រួចឈានទៅសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

នាឱកាសនេះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានបកស្រាយនូវសំណួរ និងដោះស្រាយបញ្ហាមួយចំនួន ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួង និងដោយឡែក ចំពោះបញ្ហាផ្សេងទៀត ទាមទារឲ្យគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យពិចារណាគិតគូដោះស្រាយ ជាលក្ខណប្រព័ន្ធដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕