(កណ្ដាល)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលបង្ហោះលក់ផលិតផល និងឧបករណ៍នេសាទខុសច្បាប់ (ដុំឆក់ត្រី) នៅតាមបណ្ដាញសង្គម Facebook និង Youtube ហើយនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ ក្រោយពីបានទទួលបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងតាមសំណើស្នើសុំពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាលទ្ធផល នៃការស្រាវជ្រាវ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង្វៀន យ៉ាំងតេវ អាយុ៣១ឆ្នាំ នៅចំណុចមុខផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ០១ ភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយរឹបអូសបានឧបករណ៍ឆក់ត្រី ដែលបានកែច្នៃរួចចំនួន០២គ្រឿងជាប់នឹងខ្លួន។

បន្ទាប់មកកម្លាំងរបស់នាយកដ្ឋាន សហការជាមួយស្នងការដ្ឋានខេត្តកណ្តាល និងសមត្ថកិច្ចមូលដ្ឋាន និងមានការសម្របសម្រួលដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះជនសង្ស័យ និងរកឃើញឧបករណ៍ឆក់ត្រីកែច្នៃរួច ០៩គ្រឿងទៀត និងនាំវត្ថុតាង ជាមួយជនសង្ស័យមកកាន់នាយកដ្ឋានជំនាញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ ជនសង្ស័យបានបង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ឆក់ត្រីកែច្នៃ ដែលមានប្រសិទ្ធភាពខ្ពស់ តាមរយៈបណ្ដាញសង្គម Facebook និង YouTube ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំង នៅតាមបណ្ដាញសង្គម។

ដោយឃើញបែបនេះ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គរដ្ឋបាលជលផល បានស្នើសុំឲ្យមន្ត្រីជំនាញរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួយស្រាវជ្រាវ និងស្វែងរកជនសង្ស័យមកផ្តន្ទាទោស ព្រោះការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រី ជាបទល្មើសព្រហ្មទណ្ឌ ដែលបានចែងនៅក្នុងច្បាប់ជលផល។ ម្យ៉ាងទៀតការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីនេសាទត្រី មានលក្ខណៈបំផ្លាញធនធានមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

តាមការសារភាពរបស់ជនសង្ស័យ ង្វៀន យ៉ាំងតេវ បានឲ្យដឹងថា ដំបូងឡើយខ្លួនជាជាងជួសជុលម៉ូទ័រ កង្ហារឆ្នាំងដាំបាយ និងធ្វើសោរ បន្ទាប់មកខ្លួនបានទៅរៀន ធ្វើឧបករណ៍ឆក់ត្រី ដោយសារឧបករណ៍នេះកំពុងពេញនិយម។

បន្ទាប់មកខ្លួនក៏បានចាប់ផ្ដើមផលិតឧបករណ៍ឆក់ត្រី ដែលមានប្រសិទ្ធភាពខ្ពស់ និងផ្សព្វផ្សាយលក់ ដែលកន្លងមកធ្លាប់បានលក់ទៅឲ្យអតិថិជនជាច្រើន រួមមាន ខេត្តកំពង់ចាម រតនគីរី ពោធិ៍សាត់ តាកែវ។ល។ ដោយឲ្យអតិថិជនទាំងនោះ កក់ប្រាក់ពាក់កណ្ដាល បន្ទាប់មកនៅពេលគេផលិតរួច គេនឹងបញ្ជូនឧបករណ៍ទាំងនោះ តាមរថយន្តឈ្នួលទៅអតិថិជនគេវិញ៕