(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោកស្រី ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ និងប្រជាពលរដ្ឋ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការដ្ឋានអភិរក្សរោងទង ខាងលិចឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានមានប្រសាសន៍ពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែល តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនទាំងអស់ និងមហាគ្រួសារអ្នកបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន បានថ្លែងបញ្ជាក់ថាការជួសជុល អភិរក្ស អភិវឌ្ឍន៍ ប្រសាទបន្ទាយឆ្មារ និងតំបន់ជុំវិញប្រាសាទបន្ទាយឆ្មារគឺ ដើម្បីតម្កល់ជ្រោងកេរ្ត៍ដំណែលរបស់ដូនតា ឲ្យនៅឈរបង្អួតសម្រស់ ទាក់ទាញទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាសិក្សាស្វែងយល់ពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងផ្សាយបន្តដល់ពិភពលោកបានស្គាល់កម្ពុជា ហើយថវិកាជួសជុលរោងទងខាងលិចឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ គឺជាថវិការបស់លោកស្រីផ្ទាល់ ដែលបានចំណាយអស់ ថវិកាចំនួន ៦៧២.៨៩៧,៥០ដុល្លារ។

ក្នុងឱកាសនោះផងដែរ លោកស្រី ភឿន សកុណា បានសម្តែងដោយក្តីរំភើបក្រៃលែងដោយបានឃើញ ប្រាសាទបន្ទាយឆ្មារដែលចាស់ទ្រុឌទ្រោម ហើយងើបឈរបង្អួតសម្រស់ឡើងវិញ ក្រោមការខិតខំរបស់កុលបុត្រខ្មែរលោកស្រី ម៉ៅ ម៉ាល័យកែ គឹមយ៉ាន ដែលបានចំណាយថវិកាផ្ទាល់ខ្លួន សំដៅលើកស្ទួយសម្បត្តិវប្បធម៌ជាតិបន្តរស់គង់វង្ស សម្រាប់មនុស្សជាតិគ្រប់ជំនាន់តទៅ «វប្បធម៌ រលំ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កុំថ្កើង»