(កំពង់ចាម)៖ ជនសង្ស័យចំនួន១៩នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជាបន្ដបន្ទាប់ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្រុងកំពង់ចាម និងស្រុកជើងព្រៃ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញក្រុងកំពង់ចាម និងស្រុកជើងព្រៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញ ដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់ និងទូរស័ព្ទដៃ ចំនួន១៦គ្រឿង, ម៉ូតូចំនួន១០គ្រឿង, ឧបករណ៍សេពចំនួន០១សម្រាប់។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕