(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) បានរៀបចំកម្មវិធីជួបជុំសមាជិករបស់ខ្លួន ក្នុងគោលបំណងអបអរសាទរ សមិទ្ធិផលជាវិជ្ជមានរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងបានលើកទឹកចិត្តឲ្យពួកគាត់ បន្តផ្តល់ការការពារដល់ប្រជាជន កាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំលោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃសម្ព័ន្ធ អេ អាយ អេ និងលោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងសមាជិកក្រុមហ៊ុន តំណាងខេត្តមួយចំនួនទៀតផងដែរ។

លោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងក្នុងកម្មវិធីថា «ឆ្នាំ២០១៩ គឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ អេ អាយ អេ ខេមបូឌា ដូច្នេះវាពិតជាសាកសមបំផុត ដែលយើងចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ២០២០ ជាមួយនឹងការអបអរសាទរនូវសមិទ្ធិផលរបស់ឆ្នាំចាស់ និងត្រៀមខ្លួនសម្រេច ឲ្យបាននូវលទ្ធផលឆ្នាំថ្មី ឲ្យកាន់តែប្រសើរថែមទៀត។ សមិទ្ធិផលដែលគួរជាទីមោទនៈនោះ គឺការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់ និងផ្តល់ទំនុកចិត្តយូរអង្វែង ពីប្រជាជនកម្ពុជាចំពោះ អេ អាយ អេ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ និងសុខុមាលភាពរបស់ពួកគាត់ជាច្រើនជំនាន់បន្តទៅមុខ ហើយយើងមិនអាចសម្រេចសមិទ្ធិផលនេះបាន ដោយមិនមានអ្នករាល់គ្នានៅ អេ អាយ អេ ឡើយ ជាពិសេសគឺទីប្រឹក្សាផែនការជីវិត AIA»

លោកស្រីបន្តថា ការអបអរសមិទ្ធិផលនេះ គឺឆ្លុះបញ្ចាំងពីការថ្លែងអំណរគុណ និងប្រកាសទីប្រឹក្សាផែនការជីវិត AIA ១៩នាក់ ដែលនឹងទទួលបានសមាជិកភាពបទដ្ឋានលំដាប់ពិភពលោក Million Dollar Round Table (MDRT) សម្រាប់ឆ្នាំ២០១៩ ដោយមានលោកស្រី កែវ សុចិន្តា បានសម្រេចបាននូវបទដ្ឋានលំដាប់អន្តរជាតិ កាន់តែខ្ពស់ជាងនេះទៅទៀតនោះ គឺ Court of the Table (COT) ដល់ទៅ២ឆ្នាំជាប់ៗគ្នា។ សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាបទដ្ឋាននៃឧត្តមភាពក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូនទីប្រឹក្សាផែនការជីវិត ដោយផ្អែកលើចំណេះដឹងវិជ្ជាជីវៈដ៏ហ្មត់ចត់ អាកប្បកិរិយាប្រកបដោយក្រមសីលធម៌ម៉ឺងម៉ាត់ និងផ្ដល់សេវាកម្មអតិថិជន ដ៏ល្អឥតខ្ចោះ។

លោកស្រី កែវ សុចិន្តា បានលើកឡើង «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលខ្ញុំសម្រេចបាននូវផលិតភាពលំដាប់ Court of the Table ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។ នេះគឺជាសមិទ្ធិផលដ៏មានមោទនភាព ហើយខ្ញុំមិនអាចទទួលបាននូវភាពជោគជ័យនេះបានឡើយ ប្រសិនបើគ្មានទំនុកចិត្តពីអតិថិជន និងការជួយគាំទ្រពីក្រុមការងាររបស់ខ្ញុំ និងក្រុមហ៊ុន អេ អាយ អេ ទាំងមូល ហើយឥឡូវនេះ ខ្ញុំប្តេជ្ញាចិត្តសម្រេចឲ្យបាននូវភាពជោគជ័យ កាន់តែខ្លាំងក្លាជាងនេះ ទៅទៀតក្នុងឆ្នាំ២០២០ផងដែរ»។

សម្រាប់ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំរបស់ អេ អាយ អេ ក៏បានលើកឡើងនូវគម្រោង ពង្រីកវិសាលភាពបន្ថែមក្នុងប្រទេស បន្ទាប់ពីការសម្ពោធការិយាល័យ នៅក្នុងខេត្តសៀមរាប កាលពីឆ្នាំកន្លងទៅថ្មីៗនេះ។ ការធ្វើដូច្នេះ នឹងផ្តល់ជូនប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត នូវឱកាសទទួលបានសេវាកម្មលំដាប់អន្តរជាតិ និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដែលឈានមុខគេរបស់ អេ អាយ អេ។

ក្រុមហ៊ុននឹងបន្តផែនការជាច្រើនសម្រាប់ឆ្នាំថ្មីនេះ ដោយផ្តោតសំខាន់លើការបង្កើតដំណោះស្រាយថ្មី ដែលផ្តល់អត្ថប្រយោជន៍បន្ថែម ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជន ដើម្បីជួយការពារសុវត្ថិភាពហរិញ្ញវត្ថុ របស់អតិថិជនរយៈពេលវែង។ លើលពីនេះទៅទៀត ក៏មានការពង្រឹងការប្ដេជ្ញាចិត្តរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជួយប្រជាជនឲ្យរស់នៅដោយមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការជួយជ្រោមជ្រែងពីបុគ្គលិក ការផ្ដល់ជូនថ្មីៗ និងការគាំទ្រពីសម្ព័ន្ធ អេ អាយ អេ និងដៃគូអាជីវកម្មក្នុងស្រុក រួមមានធនាគារកម្ពុជាសាធារណៈ និងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹតផងដែរ។

សូមបញ្ជាក់ផងដែរថា សម្ព័ន្ធ AIA មានវត្តមាននៅក្នុងទីផ្សារចំនួន១៨ នៅអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានសាខា និងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិទាំងស្រុង នៅហុងកុង ថៃ សិង្ហបុរី ម៉ាឡេស៊ី ចិន កូរ៉េ ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម ណូវែលហ្សេឡង់ ម៉ាកាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំងបុត្រសម្ព័ន្ធដែលជាកម្មសិទ្ធិ៩៧ភាគរយនៅសិរីលង្កា និងការវិនិយោគរួមគ្នា៤៩ភាគរយនៅឥណ្ឌា៕