(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយ:ពេល៣ថ្ងៃបន្ទាប់ពីប្រកាសដាក់លកជាផ្លូវការកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» លក់បានជាង១០០ផ្លាកហើយបានចំណូលប្រមាណ១លានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយ់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះទទួលបានការចាប់អារម្មណ៍ ពីម្ចាស់រថយន្ត។

លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការទិញ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ មិនត្រឹមតែងាយស្រួលសម្រាប់ម្ចាស់រថយន្តនោះទេ តែវាចំណេញថែមទៀតផង ព្រោះពេលដូររថយន្តមិនបាច់ចំណាយថ្លៃផ្លាកលេខទៀតនោះឡើយ។

សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ខួប៤១ឆ្នាំនៃការផ្តួលរំលំរបបខ្មែរថ្ងៃដែលពលរដ្ឋខ្មែររស់រានមានជីវិតឡើងវិញ។

ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន។

ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បាន លើកតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ។

«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះអ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបង្កើតឱ្យមាន «ផ្លាកលេខរថយន្តពិសេសនេះ» ដើម្បីបំពេញតម្រូវការ បន្ថែមទៀត ជូនប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។ ក្រៅពីបង្កើតជម្រើសសម្រាប់អ្នកប្រើប្រាស់ រថយន្តហើយនោះ ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួននេះ ក៏ដើម្បីចូលរួមស្វែងរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជាផងដែរផងដែរ៕