(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យប្រធានការិយាល័យអនុព័ន្ធយោធាចិនចាស់ និងថ្មី ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។

ឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលស្នាដៃដែលលោកវរសនីយ៍ឯក លី នីងយ៉ា អនុព័ន្ធយោធាចិនចាស់សម្រេចបាននាពេលកន្លងមក និងមានជំនឿថា ទៅថ្ងៃខាងមុខក្រោមកិច្ចដឹកនាំបន្តរបស់លោកវរសេនីយ៍ឯក លី ជីងហ្វឹង ក្នុងតួនាទីជាអនុព័ន្ធយោធាថ្មីប្រចាំកម្ពុជា នឹងដំណើរការយ៉ាងរលូនបន្តទៀត ដើម្បីឲ្យចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកងទ័ព និងប្រជាជនប្រទេសទាំងពីរ កាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជាជារៀងរហូតមក ក្នុងនោះលើវិស័យយោធា ចិនបានជួយទាំងមធ្យោបាយ សម្ភារបរិក្ខារ និងបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ ដែលជំនួយទាំងនេះ គឺបង្ហាញឱ្យឃើញថា ចិននៅជិតកម្ពុជាជានិច្ច។

ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក លី នីងយ៉ា បានថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ដែលបានផ្តល់វេលាដ៍មានតម្លៃឲ្យលោកបានចូលជួបសម្តែងការគួរសម និង បង្ហាញខ្លួនចំពោះប្រធានការិយាល័យអនុព័ន្ធយោធាថ្មីដែលត្រៀមទទួលតំណែងពីលោក។

លោកវរសេនីយ៍ឯក លី នីងយ៉ា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំមកនេះ លោកមានសេចក្ដីសោមនស្សជាខ្លាំង ដោយបានរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ មានភាពល្អប្រសើរ ជាពិសេសក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លទ្ធផលល្អប្រសើរនេះ ក៏អាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រ និងផ្តល់កិច្ចសហការពេញទំហឹងពីសំណាក់ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការផងដែរ។

លោកវរសេនីយ៍ឯក លី ជីងហ្វឹង ប្រធានការិយាល័យអនុព័ន្ធយោធាថ្មី បានលើកឡើងថា ក្នុងកិច្ចទំនាក់ទំនងជាបងប្អូន នៃបរិបទថ្មីនេះ អាស្រ័យដោយកងទ័ពប្រទេសទាំងពីរ មានចំណុចឯកភាពជាច្រើន ជាពិសេសកងទ័ពកើតឡើងពីប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន។

នៅក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក លី ជីងហ្វឹង ក៏បានបង្ហាញពីការប្តេជ្ញាចិត្ត នៅចំពោះមុខនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការថា នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងមិត្តភាពដូចដែកថែបរវាងប្រទេសទាំងពីរកាន់តែពង្រឹងពង្រីកខ្លាំងឡើងថែមទៀត៕