(កំពង់ស្ពឺ)៖ ក្រុមហ៊ុន HLH Agriculture ហៅកាត់ថា CAMFARM ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Haut Group Limited របស់ប្រទេសសឹង្ហបុរី បានប្រារព្ធកម្មវិធីជប់លៀងប្រចាំឆ្នាំ និងចែកអំណោយជូន កម្មករ-កម្មការិនី ចំនួន២៥០នាក់ នៅក្នុងបរិវេណក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំង ក្នុងស្រកឪរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

លោក Dylan Ong អគ្គនាយកគ្រប់គ្រងផ្នែកកសិកម្មរបស់ CAMFARM បានថ្លែងថា ការប្រារព្ធកម្មវិធីនេះឡើង ក្នុងគោលបំណងធំ២ គឺ៖

ទី១៖ ធ្វើការអរគុណដល់កម្មករ-កម្មការិនី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ដំណើរការដាំដុះដំឡូងមី រហូតដល់ផលិតជាម្សៅសម្រាប់នាំចេញ ទៅបញ្ហាប្រទេសអឺរ៉ុប។
ទី២៖ អបអរសាទរខួប ៤១ ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា ក៏ដូចជាអបអរក្នុងពិធីចូលឆ្នាំថ្មី២០២០នេះ និង អរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវសន្តិភាពពេញលេញ សម្រាប់កម្ពុជាទាំងមូល និងឱកាសវិនិយោគ សម្រាប់អ្នកវិនិយោគបរទេសដូចជារូបលោក។

ក្រុមហ៊ុន HLH Agriculture ទទួលបានដីសម្បទាន ចំនួនប្រមាណ១ម៉ឺនហិចតា នៅក្នុងឆ្នាំ២០០៦ សម្រាប់ជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុន បានធ្វើការដំដុះផ្ទៃស្ទើរតែ១០០ភាគរយ នៃផ្ទៃដីសរុប ដែលបានទទួលពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុន បានប្រើប្រាស់នូវឧបករណ៍បច្ចេកទេសទំនើបៗ ក្នុងការដាំដុះ ថែទាំ និងប្រមូលផលរហូត ដល់ដំណាក់កាល់នាំចេញ។

លោក Dylan Ong បានលើកឡើងថា បើទោះបីជាការគ្រប់គ្រង និងបង្កបង្កើនផលលើដីសម្បទាន ចាប់តាំងពីឆ្នាំ២០០៦ មកដល់ពេលនេះ លោកនៅតែមានការរំខាន់ ពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន ចង់ដណ្តើមយកដី របស់រដ្ឋទៅលក់ដូរ និង កាន់កាប់តាមតំបន់នីមួយៗនៃដីសម្បទាន។

ជាមួយគ្នានេះផងដែរ លោក Dylan Ong ក៏សូមសំណូមពរដល់រាជរដ្ឋាភិបាល មេត្តាជួយអន្តរាគមន៍លើបញ្ហានេះ ដើម្បីកុំឲ្យរាំងស្ទះដល់ការវិនិយោគ របស់ក្រុមហ៊ុនបរទេសដូចពួកលោក។

លោក ក៏បានឲ្យដឹងទៀតថា ដោយសារតំរូវការបញ្ជាទិញ ពីសំណាក់សហគមន៍អឺរ៉ុប មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រមហ៊ុន សូមអំពាវនាវចំពោះបងប្អូនប្រជាជនខ្មែរ ដែលមានបំណងចង់បំរើការងារ នៅក្នុងកសិដ្ឋានដំឡូងមី រោងចក្រដំឡូងមី ឲ្យបានជ្រាបថា បច្ចុប្បន្នក្រុមហ៊ុន ត្រូវការកម្មករជាច្រើននាក់ ដើម្បីបំរើជាមួយ និងប្រាក់ខែសមរម្យ និងផ្តល់កន្លែងស្នាក់នៅសមរម្យ៕