(ភ្នំពេញ)៖ បុគ្គលិកណាហ្គាវើលប្រមាណជា ១ពាន់នាក់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បន្តចេញមកតវ៉ា ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនបំពេញតាមលក្ខខណ្ឌរបស់ពួកគេ បន្ទាប់ពីមិនព្រមទទួលយកការសម្របសម្រួលរបស់ក្រុមហ៊ុន និងអាជ្ញាធរកាលពីថ្ងៃម្សិលមិញ។

ណាហ្គាវើល ដែលមានថៅកែជាជនជាតិម៉ាឡេស៊ី គឺជាក្រុមហ៊ុនបម្រើសេវាកម្មសណ្ឋាគារ និងកាស៊ីណូដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានរកស៊ីនៅកម្ពុជាតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មកនោះ ក្រុមហ៊ុននេះបានទទួលការរីកចម្រើនជាខ្លាំង។

នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលទាំងផ្នែកសណ្ឋាគារ និងកាស៊ីណូ ប្រមាណជា ១ពាន់នាក់ បានជួបជុំគ្នាតវ៉ា ដោយទាមទារនូវលក្ខខណ្ឌមួយចំនួនមានដូចជា៖ ឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ ឈ្មោះ ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ, អនុញ្ញាតឱ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ, បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ និងដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង៥០០ដុល្លារសម្រាប់ បុគ្គលិកផ្នែកកាស៊ីណូ។

នៅថ្ងៃម្សិលមិញនេះបន្ទាប់ពីការតវ៉ាស្ទើរតែពេញមួយព្រឹកភាគីក្រុមហ៊ុន និងអាជ្ញាធរបានហៅតំណាងអ្នកតវ៉ាទៅជួបចរចា និងសម្របសម្រួល ដោយព្រមដំឡើងប្រាក់ឈ្នួលជូនពួកគេ តែលក្ខខណ្ឌផ្សេងៗទៀតមិនទាន់មានការឆ្លើយតបនៅឡើយ។

កញ្ញា ឃ្លាំង សុបិន្ត ជំនួយការតុល្បែងនៅក្នុងការស៊ីណូណាហ្គា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះថា ព្រឹកនេះបុគ្គលិកចេញមកតវ៉ាបានកើនឡើងលើសចំនួនម្សិលមិញ សូម្បីតែក្រុមចុងភៅក៏បានចេញមកតវ៉ាផងដែរ។ កញ្ញា បានអះអាងថា ចំនួនអ្នកតវ៉ាមានចំនួនប្រមាណជា ៥ពាន់នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជា ៨ពាន់នាក់។

កញ្ញា ឃ្លាំង សុបិន្ត បានបន្តឱ្យដឹងថា ការដែលក្រុមហ៊ុនហៅទៅសម្របសម្រួលនៅថ្ងៃម្សិលមិញ ហើយអះអាងថា ដំឡើងប្រាក់ឈ្នួលឱ្យនោះមិនទាន់ជាក់លាក់នៅឡើយនោះទេ។ ដោយក្រុមហ៊ុនបញ្ជាក់ថា ប្រាក់ឈ្នួលនៅតែផ្តល់ជូនតាមសមត្ថភាពបុគ្គលិក ដោយមិនបានកំណត់តាមការទាមទាររបស់បុគ្គលិកថា បុគ្គលិកសណ្ឋាគារទាបបំផុត ៣០០ដុល្លារ និងនៅកាស៊ីណូ ៥០០ដុល្លារនោះឡើយ។

កញ្ញា សុបិន្ត បានបញ្ជាក់ថា បច្ចុប្បន្ននៅផ្នែកសណ្ឋាគារបុគ្គលិកផ្នែកអនាម័យ និងលាងចានជាដើមបានត្រឹមប្រមាណ ១៧០ដុល្លារប៉ុណ្ណោះ ដែលប្រាក់ឈ្នួលនេះតិចជាងកម្មករ កម្មការិនី កាត់ដេរទៅទៀត។ ដោយឡែកនៅផ្នែកកាស៊ីណូវិញ បុគ្គលិកនៅតាមតុល្បែងបានត្រឹមជាង ៤០០ដុល្លារប៉ុណ្ណោះ ដែលប្រាក់ឈ្នួលនេះ តិចជាងបុគ្គលិកនៅតាមកាស៊ីណូនៅក្នុងខេត្តព្រះសីហនុទៅទៀត។

តំណាងអ្នកតវ៉ារូបនេះ បានអះអាងទៀតថា ពួកគេនៅតែទាមទារឱ្យទទួលយកប្រធានសហជីព ឈឹម ស៊ីថរ ចូលធ្វើការវិញ។ កញ្ញា សុបិន្ត បានអះអាងថា ការបញ្ឈប់ការងាររបស់ប្រធានសហីជីព ឈ្មោះ ឈឹម ស៊ីថរ នេះមិនត្រឹមត្រូវនោះឡើយ ដោយគ្រាន់តែរូបគាត់ចេញតវ៉ាទាមទារលក្ខខណ្ឌការងារជូនបុគ្គលិកក្នុងក្រុមហ៊ុន។

កញ្ញា សុបិន្ត បន្តថា ក្រុមអ្នកតវ៉ាត្រូវការប្រធានសហជីពវិញ បើមិនមានទេ គឺពួកគេងាយនឹងរងការជិះជាន់កម្លាំងពលកម្ម និងរំលោភលើសិទ្ធិសេរីភាពការងាររបស់ពួកគេជាដើម។

ក្រុមអ្នកតវ៉ាក៏នៅតែទាមទារឱ្យបញ្ឈប់បុគ្គលិកជនជាតិរូម៉ានី ដែលគ្រប់គ្រងនៅខាងកាស៊ីណូផងដែរ។ កញ្ញា សុបិន្ត បានឱ្យដឹងថា ជនបរទេសរូបនេះ បានជិះជាន់បុគ្គលិក និងដាក់ពិន័យផ្សេងៗដោយគ្មានហេតុផល។

កញ្ញា ឃ្លាំង សុបិន បានគូសបញ្ជាក់ថា ពួកគេនឹងនៅតែតវ៉ា បើក្រុមហ៊ុនមិនព្រមដោះស្រាយ និងធ្វើតាមលក្ខខណ្ឌការងារដែលពួកគេបានទាមទារទេនោះ។

សូមបញ្ជាក់ថា ណាហ្គាវើលដ៍បានចាប់បដិសន្ធិឡើងនាឆ្នាំ១៩៩៥ ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នណាហ្គាវើលដ៍ ជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតមួយក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។

នៅអគារមាន៨ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត មានបន្ទប់ខារ៉ាអូខេ និងស្លត់ម៉ាស៊ីនជាច្រើនប្រភេទ។ អគារទាំងពីរទីតាំងរបស់ណាហ្គាវើលដ៍ មានបន្ទប់ប្រណីតជាង ១,៦៥៨ និងបន្ទប់ពិសេសនៅស្លាបខាងសណ្ឋាគារមាន ១៣ជាន់ ជាមួយមណ្ឌលស្ប៉ា។ ភ្ញៀវ និងអតិថិជនទៅកាន់ទីនេះ អាចពិសាអាហារ និងភេសជ្ជៈដ៏សម្បូរបែបនៅក្នុងភោជនីយដ្ឋានចំនួន២០ អាចរីករាយកម្សាន្តជាមួយការប្រគំតន្ត្រី និងក្លឹបកម្សាន្តចំនួន២៕