(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ ខ្លួននឹងសាងសង់ផ្លូវក្រោមដីត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ដើម្បីជួយសម្រួលការធ្វើដំណើរ របស់សិស្សនិស្សិតដែលមកសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍។

ការបញ្ជាក់ពីគម្រោងសងសង់ផ្លូវក្រោមដីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

Facebook Page ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា «នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំណុច មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL)។ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ របស់សិស្សនិស្សិតដែលមកសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចនោះ»