(ភ្នំពេញ​)៖​​​ បុរស​ម្នាក់​បើក​រថយន្ត​កុងតឺន័រ​លឿន ​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កិន​បែក​ខ្លួន​ស្លាប់​ភ្លាមៗ​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​​។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោងជាង​១យប់ ឈានចូល​ថ្ងៃ​​ទី​១០ ខែ​មករា ​ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ស្តុប​២៤ម៉ោង​កែង​ផ្លូវ​ហាណូយ​ ស្ថិត​ក្នុង​សង្កាត់គោក​ឃ្លាង​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែលឃើញ​ហេតុការណ៍​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ពណ៌​ផ្កា​ឈូក​ ពាក់​ស្លាក​លេខ​ កំពង់​ចាម ​3A-8242 បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ​លុះ​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ជា​បួន​ចំណុច​ស្តុប​២៤ម៉ោង ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​HONDA DREAM ស៊េរីឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FB-7949 ឌុប​គ្នា​ពីរ​នាក់​ប្រុស​ស្រី​ ចំពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​កិន​បុរសខាងលើ​ចំ​ខ្លួន ​បណ្ដាល​ឲ្យ​បែក​ធ្លាយ​ស្លាប់​ភ្លាមៗ ​យ៉ាង​អាណោចអាធ័ម​ ចំណែក​ឯ​អ្នក​រួម​ដំណើរ​ជា​នារី​រង​របួស​បោក​ក្បាល​ផ្ទប់​នឹង​ថ្នល់​ អូស​ជាមួយ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​។

ភ្លាមៗ​នោះ​គេ​ឃើញ​អ្នក​បើក​បរ​រថយន្ត​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ ​តែ​ត្រូវ​បាន​សមត្ថកិច្ច​ជិះ​ដេញ​តាម​ចាប់​ខ្លួន ​យក​ទៅ​អធិការ​ខណ្ឌ​ភ្លាមៗ​ផង​ដែរ​។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន បាន​ចុះ​មកដល់​រួច​ធ្វើ​ការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ចុះ​មក​យក​រថយន្ត ​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕