(កណ្ដាល)៖ បញ្ជាការដ្ឋានអង្គរក្ស ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានតាំងពិព័រណ៌សព្វាវុធយោធារបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋចូលទស្សនា ស្វែងយល់ពីតួនាទីភារកិច្ច ការពារជាតិ សាសនា ព្រះមហាក្សត្រ បូរណភាពទឹក និងការពារសន្ដិសុខជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានឲ្យដឹងថា ការរៀបចំតាំងបង្ហាញសព្វាវុធយោធា របស់បញ្ជាការដ្ឋានអង្គរក្សថ្ងៃនេះ មិនមែនជាការបង្ហាញសាច់ដុំអ្វីនោះទេ។

បើតាមលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ការដាក់តាំងបង្ហាញនេះ ក៏ចង់បង្ហាញពីការរយកចិត្តទុកដាក់ថែទាំសម្ភារ បច្ចេកទេសអាវុធយុទ្ធភណ្ឌ នៅតាមកងអន្តរាគមន៍នីមួយៗ ដែលក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូនឲ្យបានត្រឹមត្រូវតាមការណែនាំ ជាពិសេសដើម្បីចូលរួមអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧ មករាផងដែរ។

លោក ណុប រ័ត្ននិមល ក៏បានរំលឹកដែរថា ថ្ងៃជ័យជម្នះ៧ មករា ជាថ្ងៃកំណើតទី២ របស់យើងបើគ្មានថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទាំងអស់ មិនមានជីវិតរស់នៅបានមើលឃើញនូវការអភិវឌ្ឍ ប្រទេសជាតិ ដូចសព្វថ្ងៃនេះទេ។ ដោយសារនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យអង្គការចាត់តាំងនយោបាយរបស់ខ្មែរក្រហមរលំរលាយ បង្រួបបង្រួមជាតិ ឯកភាពទឹកដី កងទ័ពជាតិតែមួយគ្មានតំបន់អប្បគមន៍ នាំលទ្ធិប្រជាធិប្បតេយ្យ និងការបោះឆ្នោតដោយសេរីពហុបក្សនៅកម្ពុជា នាំប្រទេសជាតិមានសុខសន្តិភាពទូទាំងប្រទេស និងការអភិវឌ្ឍ ជាបន្តបន្ទាប់កំណើនសេដ្ឋកិច្ចជាលំដាប់។

លោកបានអះអាងថា សន្តិភាព មានតម្លៃធំធេងណាស់បើប្រទេសគ្មានសុខសន្តិភាព យើងគ្មានឱកាសដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសបាននោះទេ។ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ លោកប្តេជ្ញាប្រឆាំងដាច់ខាតនូវការប៉ុនប៉ងណាមួយ របស់ជនអគតិមួយក្ដាប់តូចដែល ឈានទៅរកការបំផ្លាញជាតិសាសនា ព្រះមហាក្សត្រ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្តចូលរួមថែរក្សាការពារ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ។

សូមរំលឹកថា បញ្ជាការដ្ឋានអង្គរក្ស ក្រៅពីមានតួនាទី ភារកិច្ចការការពារ សន្តិសុខ សណ្ដាប់ធ្នាប់សុវត្តិភាពជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងភ្ញៀវជាតិ អន្តរជាតិ និងឥស្សរជនថ្នាក់ដឹកនាំប្រទេសជាតិ និងបានចូលរួមដកស្ទូង ច្រូតកាត់បូមទឹក ជូនប្រជាពលរដ្ឋនៅពេលរាំងស្ងួត និងជាសេនាធិការឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ ក្នុងការចុះជួយប្រជាពលរដ្ឋ ដែលជួបនូវការរងដោយសារគ្រោះធម្មជាតិផ្សេងៗ៕