(ភ្នំពេញ)៖ លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យល្បីឈ្មោះនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន KFA នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ បានព្រលយនូវសារមួយលើបណ្តាញ Facebook ផ្លូវការរបស់ខ្លួន ដោយអំពាវនាវកុំឲ្យម្ចាស់អចលនទ្រព្យ នៅខេត្តព្រះសីហនុ មានការព្រួយបារម្ភខ្លាំងពេក ក្រោយពេលបិទល្បែងអនឡាញ ដែលនាំឲ្យជនជាតិចិនសម្រុកចេញពីខេត្តនេះ។

លោកឧកញ៉ា នួន រិទ្ធី បានយល់ឃើញថា ការបិទល្បែងអនឡាញ ពិតជាប៉ះពាល់ដល់ម្ចាស់អចលនទ្រព្យ ប៉ុន្តែលោកយល់ថា មិនអូសបន្លាយយូរពេកនោះទេ ដោយរយៈពេល៦ខែទៀត នឹងមានសញ្ញាវិជ្ជមានខ្លាំងឡើងវិញ។

លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះធា «បងប្អូនដែលមានអចលនទ្រព្យ នៅកំពង់សោម សូមកុំមានការព្រួយបារម្ភអ្វីទាំងអស់ ព្រោះមានសញ្ញាវិជ្ជមានខ្លាំងនាពេល៦ខែទៀត ហើយការបិត Online នេះប្រាកដណាស់ថា មានផលប៉ះពាល់ដល់បងប្អូន ក៏ប៉ុន្តែមិនបន្លាយយូរទេ រង់ចាំគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ចេញជាបន្តបន្ទាប់នាពេលខាងមុខ។ ទាំងនេះជាការប្រមើមើលរបស់ខ្ញុំ។ សូមទុកចិត្តយុទ្ធសាស្រ្ត ស្រូបទាញវិនិយោគរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លៀសវៃ»

សូមជម្រាបថា កាលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអនុញ្ញាតឱ្យអ្នកវិនិយោគចិនប្រមាណ៤០នាក់ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់អ្នកវិនិយោគចិនថា ការបិទកាស៊ីណូអនឡាញ ដោយសារតែការស៊ីណូអនឡាញនេះ ទទួលបានពន្ធតិចតួច ហើយនាំមកនូវបញ្ហាប្រឈមជាច្រើន ដូចជាឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកវិនិយោគចិនទាំងនោះថា ប្រទេសកម្ពុជាដ្បិតប្រកាន់យកនូវរបបទីផ្សារសេរី តែសេដ្ឋកិច្ចកម្ពុជា មិនពឹងផ្អែកលើល្បែងនោះឡើយ។ មួយវិញទៀតកម្ពុជាជំរុញធ្វើយ៉ាងណាឱ្យមានការអ្នកវិនិយោគធំៗ និងវិស័យផ្សេងៗជំនួសវិញ៕