(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថវិកាប្រមាណ ៤៧,៥០០ដុល្លារអាមេរិក ជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅក្នុងខេត្តកែប។

យោងតាម Facebook ព្រះបរមរាជវាំង បានឱ្យដឹងនៅយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះថា ព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យព្រះរាជទានថវិកាដល់គ្រួសារអ្នកស្លាប់ ៣៦នាក់ ក្នុងមួយនាក់ ៤លានរៀល ហើយសម្រាប់អ្នកនៅរស់ចំនួន២៣នាក់ ក្នុងមួយនាក់ ២លានរៀល។

ជាមួយនឹងការព្រះរាជទានថវិកាហើយនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះរាជហឫទ័យសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជានុរាស្រ្តដែលទទួលរងគ្រោះថ្នាក់ ក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ។ ព្រះអង្គ សូមចូលរួមរំលែកនូវមរណៈទុក្ខចំពោះក្រុមគ្រួសារនៃសព ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះដែលកំពុងសម្រាកព្យាបាលឱ្យឆាប់ទទួលបានការជាស្បះស្បើយ។

ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបនេះផងដែរ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រួលការលំបាកទាំងឡាយរបស់ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកាប្រមាណ ១ម៉ឺនដុល្លារសម្រាប់អ្នកនៅរស់ចំនួន ១៦នាក់ ហើយអ្នកនៅរស់ដែលយកចេញពីគំនរអគារក្រោយគេចំនួន៧នាក់ ត្រូវបានឧបត្ថម្ភ ២ម៉ឺនដុល្លារ។

ដោយឡែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត៣៦នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឧបត្ថម្ភក្នុងមួយសព៥ម៉ឺនដុល្លារ និង ១០លានរៀល សម្រាប់រៀបចំធ្វើពិធីបុណ្យ៕