(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ ពិព័រណ៍ចំនួនជាង២០០ស្តង់ ស្ថិតនៅក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ។

តាមមន្ត្រីសាលាខេត្តកំពង់ចាមឲ្យដឹងថា ស្តង់តាំងពិព័រណ៍២៥០ស្តង់នេះ ត្រូវដំណើរការរយៈពេល០៤ ថ្ងៃ គឺស្តង់នីមួយៗ មានដាក់តាំងទំនិញជាផលិតផលខ្មែរ និងផលិតផល សម្រាប់ប្រើប្រាស់ទូទៅផងដែរ។

មន្ត្រីសាលាខេត្តឲ្យដឹងទៀតថា ការរៀបចំឲ្យមានស្តង់តាំងពិព័រណ៍លក់ដូរទំនិញនេះ គឺអាជ្ញាធរខេត្ត រៀបចំឡើងដើម្បីអបអរសាទរបុណ្យ ខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជន្នះ៧មករា និងដើម្បីផ្តល់ឱកាសសម្រាប់ផលិតផលខ្មែរ ក្នុងការរស្វែងរកទីផ្សារ ហើយកសិករយើងអាចដកបទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ៕