(ភ្នំពេញ)៖ កងសង្គ្រោះអង្គភាព៧១១នៃកងពលតូចលេខ៧០ គឺជាអង្គភាពមួយដែលបានហ្វឹកហ្វឺនលើជំនាញសង្គ្រោះលើគ្រោះអគ្គិភ័យ ការរុករក និងគ្រោះមហន្តរាយផ្សេងៗទៀតផងដែរ។ ឧប្បត្តិហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ និង គ្រោះមហន្តរាយផ្សេងៗ គេតែងឃើញក្រុមសង្គ្រោះអង្គភាព៧១១ ចេញប្រតិបត្តិការ ដើម្បីជួយដល់ជនរងគ្រោះ។

ក្រៅពីការជួយសង្គ្រោះក្នុងហេតុការណ៍អគ្គិភ័យ និងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ការជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តព្រះសីហនុ ជាប់ក្នុងថ្មភ្នំនៅខេត្តបាត់ដំបង ការបាក់សាលាឆាន់នៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ ក្រុមជួយសង្គ្រោះមកពីអង្គភាព៧១១នេះ សុទ្ធតែបានចូលរួមធ្វើការជួរមុខគេលើការសង្គ្រោះនេះ។ ប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តកែបនាពេលថ្មីៗនេះ ក្រុមសង្គ្រោះនៃអង្គភាពសង្គ្រោះ៧១១ ក៏ត្រូវបានបញ្ជូនពីរាជធានីភ្នំពេញ ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះជនរងគ្រោះផងដែរ។

ដោយសារតែការហ្វឹកហាត់លើជំនាញផ្នែកសង្គ្រោះ និងការរុករកនោះ បានធ្វើឱ្យក្រុមអ្នកសង្គ្រោះនៃអង្គភាពសង្គ្រោះ៧១១ មានចំណេះជំនាញ និងឧបករណ៍ពាក់ព័ន្ធលើការសង្គ្រោះជាច្រើនសម្រាប់ធ្វើប្រតិបត្តិការ។ ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ នៅខេត្តសៀមរាប និងនៅខេត្តកែបនេះ ក្រុមការងារសង្គ្រោះ៧១១ ត្រូវបានគេមើលឃើញថា ពួកគេស្ថិតនៅជួរមុខជានិច្ចលើប្រតិបត្តិការជួយជនរងគ្រោះ ដូចជាការទម្លុះចូលក្នុងគំនរអគារ ការរៀបចំឧបករណ៍ដើម្បីយកជនរងគ្រោះចេញពីគំនរអគារ និងការសង្គ្រោះបឋមជាដើម។

លោកស្រីវរសេនីយ៍ត្រី ចាប ពុទ្ធដាវី មេបញ្ជាការកងសង្គ្រោះអង្គភាព៧១១ នៃកងពលតូចលេខ៧០ បានឱ្យដឹងថា បច្ចុប្បន្ននេះកម្លាំងសង្គ្រោះនៃកងសង្គ្រោះអង្គភាព៧១១ មានសមាជិកជាង ១០០នាក់។ កងសង្គ្រោះនេះ ក្រៅពីការហ្វឹកហ្វឺននៅក្នុងស្រុកហើយនោះ ក៏តែងតែទទួលបានឱកាសទៅហ្វឹកហ្វឺនការសង្គ្រោះ ការរុករកពីបណ្តាប្រទេសជាមិត្តដូចជាជប៉ុន និងចិនផងដែរ។

ទាំងនៅក្នុងប្រតិបត្តិការសង្គ្រោះជនរងគ្រោះក្នុងហេតុការបាក់រលំអគារក្នុងខេត្តព្រះសីហនុ និងក្នុងខេត្តកែប កម្លាំងសង្គ្រោះ៧១១ បានធ្វើការទាំងយប់ទាំងថ្ងៃ ដោយឆន្ទៈមុះមុតបំផុត ដើម្បីសង្គ្រោះជនរងគ្រោះ បើទោះបីពួកគេត្រូវអត់ងងុយស្អុយភ្នែក ហេវហត់អស់ថាមពលយ៉ាងខ្លាំងក៏ដោយនោះ។

លោកស្រីវរសេនីយ៍ត្រី ចាប ពុទ្ធដាវី បានគូសបញ្ជាក់ប្រាប់អ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News ពេលកំពុងប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះពីគំនរអគារនៅក្នុងខេត្តកែបថា បេះដូងជាអ្នកសង្គ្រោះក្រុមការងាររបស់លោកស្រីមិនដែលគិតពីការនឿយហត់នោះឡើយ អ្វីដែលផ្តោតជាសំខាន់ គឺការជួយជនរងគ្រោះឱ្យរួចផុតពីគ្រោះថ្នាក់។

បច្ចុប្បន្ននៅកម្ពុជាមានអគាររីកផុសច្រើនទាំងទាបទាំងខ្ពស់ ខណៈដែលប្រជាជនក៏មានកំណើនច្រើនផងដែរ។ ទន្ទឹមនឹងកំណើនអគារខ្ពស់ ទាប ក៏ដូចជាកំណើនប្រជាជន បញ្ហាប្រឈមក្នុងសង្គម និងគ្រោះមហន្តរាយនានា អាចកើតឡើងដោយប្រការណាមួយមិនអាចចៀសផុតនោះទេ។ ជាមួយបញ្ហាប្រឈមនឹងការកើតមានបញ្ហាក្នុងសង្គម និងគ្រោះមហន្តរាយនេះ កម្ពុជា ត្រូវបានមើលឃើញថា ការឆ្លើយតបចំពោះបញ្ហាទាំងនេះហាក់នៅមានកម្រិតនៅឡើយ។

មន្ត្រីសង្គ្រោះដែលមានចំណេះជំនាញលើប្រតិបត្តិការសង្គ្រោះ និងការរុករកក្នុងគ្រោះមហន្តរាយទាំងគ្រោះអគ្គិភ័យ និងគ្រោះរលំអគារជាដើម នាពេលបច្ចុប្បន្នគេមើលឃើញថា មានតែកងសង្គ្រោះអង្គភាព៧១១មួយប៉ុណ្ណោះ។ មន្ត្រីសង្គ្រោះក្នុងអង្គភាពនេះនៅមានចំនួនតិចតួច សមត្ថភាពសង្គ្រោះនៅមានចំណុចខ្វះខាត ហើយឧបករណ៍សង្គ្រោះក៏មិនទាន់គ្រប់គ្រាន់ដែរ។ បញ្ហាទាំងនេះ ជាហេតុនាំឱ្យប្រតិបត្តិការសង្គ្រោះមិនទាន់ឆ្លើយតបឱ្យមានប្រសិទ្ធភាពខ្ពស់នៅឡើយនោះទេ។

លោកស្រីវរសេនីយ៍ត្រី ចាប ពុទ្ធដាវី បានយល់ស្របទៅលើបញ្ហាខ្វះខាតទាំងនេះ។ លោកស្រី ចង់ឱ្យមានការបង្កើនចំនួនមន្ត្រីអ្នកសង្គ្រោះដែលមានជំនាញលើការងារសង្គ្រោះគ្រោះមហន្តរាយ និងបង្កើនការហ្វឹកហ្វឺនដល់មន្ត្រីសង្គ្រោះ ដើម្បីឱ្យប្រតិបត្តិការសង្គ្រោះនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង៕