(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតិឲ្យប្រតិភូ នៃក្រុមហ៊ុន លីង ហាងអរឃីដ រីស្សតឯ.ក ដឹកនាំដោយលោក ស្រេង វង្សហៀង ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ចូលជួបសម្តែងការគូរសម និងពិភាក្សាការងារមួយចំនួននាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានអំណរគុណចំពោះអ្នកវិនិយោគរបស់ចិន ដែលបានសម្រេចមកធ្វើការវិនិយោគទុន នៅប្រទេសកម្ពុជា លើវិស័យទេសចណ៍នេះ ហើយសម្តេចរំពឹងថាភ្ញៀវទេសចរ និងប្រជាជនចិននឹងមកប្រទេសកម្ពុជា កាន់តែច្រើនបន្ថែមទៀត តាមរយៈក្រុមហ៊ុននេះ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន លីង ហាងអរឃីដ រីស្សត ឯ.ក ដែលបានផ្តល់ជំនួយជាអង្ករចំនួន២០០តោន ដល់ក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់ជនក្រីក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនលីង ហាងអរឃីដ រីស្សតឯ.ក គឺជាក្រុមហ៊ុនឯកជនដ៏ធំមួយរបស់ចិន ដែលបានសម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ហើយមានការិយាល័យ នៅខេត្តព្រះសីហនុ។ ជាមួយនឹងធ្វើការវិនិយោគលើវិស័យទេសចរណ៍នេះ ក្រុមហ៊ុនក៏បានចូលរួមលើជំនួយមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលផងដែរ ដោយសន្យាថា នឹងបន្តផ្តល់នូវជំនួយជាបន្តបន្ទាប់ ទៀតដល់ក្រសួងមហាផ្ទៃ ដើម្បីចែកជូនបន្តដល់ជនក្រីក្រ និងតាមសហគមន៍នានាជាដើម៕