(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់ និងឆបោកប្រាក់។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ស្ថិតក្រោមចំណាត់ការរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់។

បើយោងតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស និងទី២ឈ្មោះ ស៊ៃ សេត ភេទប្រុស ត្រូវបានសមត្ដកិច្ចឃាត់ខ្លួនតាមបណ្តឹង របស់ជនរងគ្រោះឈ្មោះ ហែម គន្ធាម ពីបទ ឆបោកប្រាក់ និងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់)។

សូមជម្រាបថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅគ្រាដែលពួកគេចូលឆ្លើយបំភ្លឺនៅចំពោះមុខ សមត្ថកិច្ចក្នុងនីតិវិធីស៊ើបអង្កេតបឋម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕