(ភ្នំពេញ)៖ ទីបំផុត ! ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានយល់ព្រមឱ្យ អតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងនោះ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយ ប៉ុន្តែក្រសួងតម្រូវឱ្យតំណាងគណបក្សនេះរៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីតែម្តង។

លិខិតឆ្លើយតបក្រសួងមហាផ្ទៃ បានធ្វើបន្ទាប់ពីតំណាងអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ លោក ខឺយ ស៊ីនឿន បានដាក់ពាក្យសុំបង្កើត«គណបក្សខ្មែរស្រឡាញ់ជាតិ» ដោយប្រើប្រាស់អក្សកាត់មួយគឺ គ.ខ.ស.ជ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

លិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ លោក ខឺយ ស៊ីនឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកតំណាងស្ថាបនិកគណបក្ស ជ្រាបថាក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ឈ្មោះសរសេរជាអក្សរកាត់ (គ.ខ.ស.ជ) មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៧ បេ១០ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ»

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនថា៖ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមវាក្យខណ្ឌទី២ មាត្រា៩ មាត្រា១៤ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានប្រកាសបង្កើត «គណបក្សខ្មែរស្រលាញ់ជាតិ» ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នាពេលខាងមុខ។

ក្រុមអតីតថ្នាក់ដឹកនាំ CNRP មួយក្រុមនេះ មានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន ជាដើម។ ប៉ុន្តែទោះជាយ៉ាងណា គណបក្សថ្មីនេះ មិនទាន់ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយទេ ដោយកំពុងរៀបចំសំណុំឯកសារស្នើចុះបញ្ជីឆាប់ៗនេះផងដែរ។

លោក ជីវ កត្តា សមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមបង្កើតគណបក្សខ្មែរស្រលាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត ស្តីពីការបង្កើតគណបក្សថ្មីនេះថា មូលហេតុដែលក្រុមអតីតថ្នាក់ដឹកនាំនៃអតីត CNRP សម្រេចរួមគ្នាបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង ដោយសារមើលឃើញថា ក្រុមអ្នកស្នេហាប្រជាធិបតេយ្យបានបែកបាក់គ្នាយ៉ាងខ្លាំង ហើយគណបក្សថ្មីនេះ គឺជាគណបក្សដែលប្រកាន់គោលការណ៍អហិង្សា និងធ្វើនយោបាយតាមការកំណត់របស់រដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងបន្តគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ៕

ខាងក្រោមនេះជាលិខិតក្រសួងមហាផ្ទៃ៖