(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ ក្រុមជាងសាងសង់រង្វង់មូលស្រអែមថា ត្រូវធ្វើយ៉ាងណាសាងសង់ឲ្យរួចមុន ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិសេសត្រូវសាងសង់ឲ្យសំណង់មានគុណភាព ស្របតាមស្តង់ដាបច្ចេកទេស និងតាមរចនាបទខ្មែរ។

នៅក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់រង្វង់មូលស្រអែម ដែលអមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណ ក៏បានប្រាប់ក្រុមជាង ឲ្យខិតខំធ្វើយ៉ាងណា សាងសង់រង្វង់មូលស្រអែមនេះ ឲ្យរួចមុនឱកាសបុណ្យចូលឆ្នាំខ្មែរ ម្យ៉ាងវិញទៀតត្រូវសាងសង់តាមរចនាបទខ្មែរ និងប្រកបដោយគុណភាព។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមជាងសាងសង់ ត្រូវសំអាតក្នុងបរិវេនរង្វង់មូលនេះឲ្យបានស្អាតល្អ។ ដោយឡែកចំពោះថវិកា សម្រាប់សាងសង់ លោកនឹងខិតខំគៀងគរសប្បុរសជននានា ដើម្បីផ្គត់ផ្គង់ឲ្យការសាងសង់អាចបន្តទៅមុខទៀត ដោយមិនឲ្យស្ទះនោះទេ។

ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត បានអះអាងថា រង្វង់មូលស្រអែមនេះ គឺសាងសង់តាមរចនាបទប្រាសាទ ព្រះវិហារ ដូច្នេះការយឺតយ៉ាវក្នុងការសាងសង់មួយរយៈនេះ គឺដោយសារយើងយកប្លង់សាងសង់នេះ ទៅឆ្លងជាមួយអាជ្ញាធរប្រាសាទព្រះវិហារ ហើយអាជ្ញាធរប្រាសាទព្រះវិហារ បានឯកភាពឲ្យក្រុមការងារខេត្តយកទំហំ៧៥ភាគរយ នៃតួប្រាសាទដើម។

លោកបញ្ជាក់ផងដែរថា បើយើងធ្វើត្រឹមតូបយាម យើងអាចធ្វើរួចនៅថ្ងៃស្អែកក៏បាន តែនេះសំណង់បែបរចនាបទប្រាសាទព្រះវិហារ យើងត្រូវការពេលវេលា ដើម្បីសិក្សាឲ្យបានត្រឹមត្រូវ មិនមែនចេះតែធ្វើឲ្យរួចនោះទេ៕