(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានចេញសារលិខិតចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុបាក់អគារ នៅក្រុងកែប ខេត្តកែប។

ក្នុងសារលិខិតរបស់លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក មានខ្លឹមសារទាំងស្រុងថា «តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រូបខ្ញុំផ្ទាល់ និងភរិយា ពិតជាមានសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយយ៉ាងក្រៃលែងបំផុត ចំពោះសោកនាដកម្ម នៃការបាក់រលំអគារ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលបណ្តាលឲ្យមានការស្លាប់បាត់បង់ជីវិតចំនួន៣៦នាក់ និងរងរបួសចំនួន២៣នាក់ ដល់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារ នៅក្នុងការដ្ឋាននោះ កាលពីវេលាម៉ោង០៤៖៣០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រូបខ្ញុំផ្ទាល់ និងភរិយា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារនៃសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបាត់បង់ជីវិតទាំងអស់នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ ដែលកំពុងសម្រាកព្យាបាលរបួស សូមឆាប់ជាសះស្បើយ ដើម្បីទៅប្រកបជីវភាពជាប្រក្រតីវិញ។

យើងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណ ចំពោះវីរៈភាពដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ ទីណាមានទុក្ខលំបាកទីនោះមាន សម្តេចតេជោ ហ៊ុន សែន។ សូមក្រុមគ្រួសារសព និងបងប្អូនសាច់ញាតិទាំងអស់ នៃជនរងគ្រោះ ទទួលនូវការស្រឡាញ់រាប់អានដ៏ស្មោះអំពីខ្ញុំ»៕