(ភ្នំពេញ)៖ បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយតាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែបើមិនហ៊ានចូលស្នាក់ការ គណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូនបងប្អូនហើយ។

អភិបាលរាជធានី លោក ឃួង ស្រេង លើកឡើងបែបនេះ នាល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ខណៈដែលលោកអញ្ជើញចុះចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១៧៥គ្រួសារ នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថា សម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបាននូវព័ត៌មានដ៏អាក្រក់ខាងលើនេះ បានណែនាំជាបន្ទាន់មក សាខាកាកបាទក្រហមរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋភ្លាមៗ គឺចែកឲ្យបានមុនពេលថ្ងៃលិចនាថ្ងៃទី០៦ខែមករានេះ។

លោកបន្ដថា នៅពេលទទួលបានការណែនាំនេះភ្លាម សាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានចុះមកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ទាំង១៧៥គ្រួសារភ្លាមៗតែម្ដង។ បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌសង្កាត់ ត្រូវបន្តមើលការថែទាំប្រជាពលរដ្ឋរងគ្រោះទាំងនេះ បើពួកគាត់មានបញ្ហាអ្វី ត្រូវតែចុះមកជួយគាត់ភ្លាម។

ក្នុងឱកាសនោះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលជួបបញ្ហារងគ្រោះអគ្គិភ័យ។

បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន១៧៥គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិ ត្រូវបានអស់ រលីងពីខ្លួន តែទោះបីជាយ៉ាងណា ក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត។

លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ជួយសំរួលរាល់ឯកសារពាក់ព័ន្ធ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីឲ្យគ្រួសារទាំង១៧៥ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។

ក្នុងនោះដែរ លោកប្រធាន បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើង ដែលងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើង ការពារកុំឲ្យមានអគ្គិភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទឹកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»។

ជាមួយគ្នានេះ លោកអភិបាលរាជធានី ក៏បានស្នើឲ្យខាងរដ្ឋាករទឹក ជួយសម្រួលតបណ្ដាញទឹកស្អាត ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះទឹកប្រើប្រាស់ នាពេលនេះ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី បានបញ្ជាក់ថា អំណោយដែលសាខារាជធានីភ្នំពេញ ផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ តង់កៅស៊ូ១ (ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ), អង្ករ៣០គីឡូក្រាម, មីជាតិ១កេសតូច, ទឹកបរិសុទ្ធ១កេស, ទឹកត្រី១យូរ (៦ដប), ទឹកស៊ីអ៊ូវ១យួរ (៦ដប), ទឹកក្រូច១យូរ (៤កំប៉ុង), ស្ករស១គីឡូក្រាម, ទឹកដោះគោ២កំប៉ុង, តែ៥កញ្ចប់, ថវិកា៥០,០០០រៀល៕