(បន្ទាយមានជ័យ)៖ អាចចាត់ទុកជារឿងចម្លែក និងសំណាងសម្រាប់ម្នាក់ ចូលហាងផឹកស៉ីជាមួយមិត្តភ័ក្ដិ រហូតដល់ម៉ោង២ទៀបភ្លឺ ស្រាប់តែគ្មានលុយឲ្យគេ ព្រោះអ្នកមកជាមួយរត់ចោលអស់នោះ គ្រាន់តែប្រាប់ម្ចាស់ហាងថា ស្គាល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺលោកឧត្តមសេនីយ៍ទោ អាត់ ខែម ព្រឹកឡើងត្រូវលោកស្នងការហៅទៅយកលុយឲ្យថ្លៃផឹកស៉ី។

គួរជម្រាបថា កាលពីយប់មិញនៅពេលលឺថា អ្នកចូលហាងផឹកស៉ីហើយគ្មានលុយឲ្យ និងអះអាងថា ស្គាល់លោកស្នងការនោះ ម្ចាស់ហាងបានធ្វើការទាក់ទងទៅ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ដោយផ្ទាល់ហើយលោកបានឲ្យមន្ដ្រីនគរបាលអញ្ជើញបុរសនោះ មកធ្វើការសួរនាំទើបដឹងច្បាស់ថា បុរសខាងលើចេះតែឆ្លើយឲ្យរួចមួយគ្រាប៉ុណ្ណោះ ទាំងខ្លួនមិនស្គាល់លោកស្នងការឡើយ ពោលលឺតែឈ្មោះតាមបណ្ដាញសង្គមប៉ុណ្ណោះ។

លុះព្រឹកឡើងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានជួបសួរនាំបុរសខាងលើដោយផ្ទាល់ ហើយសម្រេចចេញលុយឲ្យថ្លៃផឹកស៉ី កាលពីយប់មិញចំនួន២០ម៉ឺនរៀលផងដែរ និងអប់រំ ណែនាំបុរសខាងលើ កុំឲ្យប្រព្រឹត្តទង្វើបែបនេះទៀត ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

Facebook ឈ្មោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហោះសារយ៉ាងដូច្នេះថា «យុវជននេះគាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅម៉ោង២ហើយ អ្នកមកជាមួយគេគេចខ្លួនអស់សល់ម្នាក់ឯង គ្មានលុយថ្លៃស៊ីផឹកគេ គេសួរស្គាល់អ្នកណាខ្លះ គាត់ឆ្លើយថា គាត់ស្គាល់អ៊ុ អាត់ ខែម ម្ចាស់ហាងរាយការណ៍មក លោកស្នងការទាំងយប់។ លោកស្នងការចាត់កម្លាំងឲ្យទៅអញ្ជើញគាត់មកសួរនាំ តាមសេចក្តីរាយការណ៍ម្ចាស់ហាង ព្រឹកឡើងជួបលោកស្នងការ លោកស្នងការសួរគាត់ថា លឺឈ្មោះអ៊ុចេះថាទៅខ្លាចគេវាយ។ ព្រឹកនេះលោកស្នងការជូន ចំនួន២០០,០០០រៀលឲ្យទៅសងម្ចាស់ហាងគេ»

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក៏បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ព័ត៌មានខាងលើនេះ គឺពិតប្រាកដមែន ដោយយុវជនខាងលើភ័យខ្លាចគេវាយដំ ទើបប្រាប់គេស្គាល់លោកតែម្ដងទៅ និងចាត់ទុកថា នេះជារឿងដែលហួសចិត្ត និងអស់សំណើចផងដែរ។ លោកអះអាងថា នេះជាលើកទី១ សម្រាប់លោក ដែលមានគេយកឈ្មោះទៅប្រើប្រាស់បែបនេះ។

យ៉ាងណាក៏ដោយ ទង្វើនេះមិនសមរម្យ និងមិនគម្បីនោះឡើយដែលយកឈ្មោះរបស់មន្ដ្រីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំទៅប្រើប្រាស់បែបនេះ ព្រោះអាចប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ជាដើម។

ដំណឹងនៃហេតុការណ៍នេះ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម Facebook ហើយត្រូវបានគេចែកចាយជាបន្ដបន្ទាប់។ ក្នុងនោះក៏មានអ្នកកោតសរសើរ អំពីសណ្ដានចិត្តរបស់លោក អាត់ ខែម បើទោះបីដឹងថា មិនដែលស្គាល់គ្នា ហើយនៅតែចេញលុយជំនួសបុរសខាងលើ។ ប៉ុន្ដែក៏មានអ្នកខ្លះទៀត លើកឡើងថា ប្រសិនបើករណីនេះច្រើន អាចនឹងលោកស្នងការស្វិតហោបៅជាមិនខានឡើយ៕