(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថា សម្តេចបានអត់បាយរយៈពេល២៤ម៉ោង ក្នុងពេលដឹកនាំប្រតិបត្តិការសង្គ្រោះជនរងគ្រោះចេញពីគំនរអគារដួលរលំនៅក្នុងខេត្ត ពោលសម្តេចអត់បានពិសាបាយចាប់ពីម៉ោង១២យប់ថ្ងៃទី៣ ខែមករា ដល់ម៉ោង១រសៀលថ្ងៃទី០៤ ខែមករា។

ជាមួយការបង្ហាញរូបភាពកំពុងអង្គុយហូបបាយនៅទីតាំងបាក់រលំអគារជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូបទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ពិតជាដូចពាក្យចាស់ពោលថា «ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ» ពោលព្រោះតែការអត់បាយរយៈពេល២៤ម៉ោង ធ្វើឱ្យក្នុងប្រអប់មានរសជាតិឆ្ងាញ់ហើយធ្វើឱ្យសម្តេចពិសាបាយក្នុងប្រអប់ជិតអស់ ខណៈសម្តេចក្រឡាហោមពិសាអស់ពាក់កណ្តាល។

តាមរយៈ Facebook នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះ «ពាក្យចាស់ពោលថា ឃ្លានឆ្ងាញ់ស្រឡាញ់ល្អ ពិតជាមិនខុសនោះទេ។ គិតពីម៉ោង១២ថ្ងៃ៣ មករា រហូតដល់ម៉ោង១៣ ថ្ងៃ៤ មករា ជាង ២៤ម៉ោងខ្ញុំមិនបានទទួលទានបាយទេ គ្រាន់តែផឹកទឹកធម្មតាប៉ុណ្ណោះ។ ទាំងខ្ញុំទាំងសម្តេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំផ្សេងទៀតសុទ្ធតែឃ្លានដូចគ្នា។ យើងបានយកបាយសម្រាប់ផ្គត់ផ្គង់ជូនកម្លាំងចូលរួមរុករក និងជួយសង្គ្រោះមួយប្រអប់ម្នាក់មកទទួលទាន»

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា «ពិតជាឆ្ងាញ់ហើយយើងលែងគិតពីអនាម័យដោយសារដីហុយចេញពីអគារបាក់រលំពេលគ្រឿងចក្រ កំពុងបុក និងកាយគំនរបាក់បែកនោះហើយ។ ខ្ញុំទទួលទានអស់ប្រហែល១ភាគ៥ នៃបាយក្នុងប្រអប់ ប៉ុន្តែសម្តេចក្រឡាហោម ស ខេង អស់ជាងពាក់កណ្តាលឯណោះ។ នេះពិតជា ឃ្លានឆ្ងាញ់ស្រឡាញល្អ មែន។ អរគុណសន្តិភាព!»

សូមរំលឹកថា ក្រោយពេលទទួលបានព័ត៌មាននៃហេតុការណ៍បាក់រលំអគារនៅក្រុងកែប ខេត្តកែប សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទាំងយប់ទៅកាន់កន្លែងកើតហេតុតាមរយៈរថយន្តពីរាជធានីភ្នំពេញ ទៅកាន់កន្លែងកើតហេតុដែលមានចម្ងាយជិត ១៦០គីឡូម៉ែត្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទៅដល់កន្លែងកើតហេតុវេលាម៉ោងជិត ១០យប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយបានអង្គុយដឹកនាំ និងបញ្ជាប្រតិបត្តិការរហូតដល់ម៉ោងជិត ៥ទៀបភ្លឺថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។

ពោលសម្តេចតេជោ បាននៅកន្លែងបាក់រលំអគារនោះរហូតក្រុមអ្នកជួយសង្គ្រោះ បានយកជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលនៅមានជីវិតចេញពីគំនរអគារ។ បើទោះបីត្រូវអង្គុយពេញមួយយប់តែភាពអន្ទះសារនៃការរង់ចាំជនរងគ្រោះចេញពីគំនរអគារមិនបានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលរូបនេះត្រូវថបថយថាមពល ឬអត់ងងុយនោះឡើយ។ នៅពេលជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវបានយកចេញពីគំនរអគារសម្តេចតេជោ ហ៊ុន សែន បានចេញទៅទទួលជនរងគ្រោះដោយផ្ទាល់នៅលើគំនរអគារ។

បន្ទាប់ពីជនរងគ្រោះត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅដល់មន្ទីរពេទ្យ ដើម្បីតាមដានពីស្ថានភាពសុខភាពរបស់ពួកគេផងដែរ។ ក្រោយពីរជនរងគ្រោះទាំងពីរមានសុវត្ថិភាពមិនមានការគំរាមកំហែងដល់អាយុជីវិតហើយ ទើបសម្តេចតេជោអញ្ជើញទៅសម្រាននៅវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី០៤ ខែមករា។

លុះវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាន់កន្លែងកើតហេតុជាថ្មីម្តងទៀត ហើយស្ថិតនៅកន្លែងប្រតិបត្តិការជាមួយក្រុមអ្នកជួយសង្គ្រោះរហូតដល់ក្រុមជួយសង្គ្រោះបានជួយជនរងគ្រោះជាបន្តបន្ទាប់។ នៅយប់ថ្ងៃទី០៤ ខែមករា សម្តេចតេជោ ហ៊ុន សែន បានស្ថិតនៅជាមួយក្រុមជួយសង្គ្រោះរហូតដល់ម៉ោងជិត១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ទើបសម្តេចតេជោ ត្រឡប់ទៅសម្រាន្ត បន្ទាប់ពីបានពិនិត្យឃើញថា ប្រតិបត្តិការជិតបានបញ្ចប់ ហើយជនរងគ្រោះដែលមានជីវិតត្រូវបានយកចេញពីគំនរអគាររួចរាល់នោះ។

ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះជនរងគ្រោះពីក្រោមអគារដួលរលំនេះ គេបានមើលឃើញថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងក្រុមអ្នកជួយសង្គ្រោះផងនោះ បានភ្លេចអស់នូវភាពនឿយហត់អត់ងងុយ ដោយបានផ្តោតជាសំខាន់តែទៅលើការជួយសង្គ្រោះជនរងគ្រោះតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេសង្កេតឃើញថា នៅពេលដែលឮក្រុមអ្នកជួយសង្គ្រោះបញ្ជាក់ថា រកឃើញជនរងគ្រោះក្រោមគំនរនៅមានជីវិតចិត្តត្រេកអរក៏បានផ្ទុះឡើង និងរំលឹកដល់ក្រុមអ្នកជួយសង្គ្រោះឱ្យប្រឹងប្រែងអស់លទ្ធភាព និងបង្កើនល្បឿនសង្គ្រោះជនរងគ្រោះតាមដែលអាចធ្វើទៅបាន ដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។ នៅពេលជនរងគ្រោះចេញពីគំនរអគារសម្តេចតេជោ តែងតែទៅទទួល បន្ទាប់មកក៏ទៅកាន់មន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ។

ពោលក្នុងប្រតិបត្តិការរយៈពេលជា៤៣ម៉ោង នៃការជួយសង្គ្រោះ និងរុះរើគំនរអគារនេះ ទាំងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងក្រុមជួយសង្គ្រោះផង មិនបានខ្វល់ពីរឿងសម្រាន្ត ឬហូបចុកនោះឡើយ អ្វីដែលខ្វល់នោះ គឺការសង្គ្រោះជីវិតជនរងគ្រោះ។

សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលនៅក្នុងប្រតិបត្តិការសង្គ្រោះនេះ ទទួលបានការស្ញប់ស្ញែងជាខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលទទួលខុសត្រូវខ្ពស់ និងបានតម្កល់សុខទុក្ខពលរដ្ឋជាចម្បង។

សូមបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយសារការបាក់រលំអគារនៅខេត្តកែបប្រើពេលជាង ៤៣ម៉ោង ជាមួយកម្លាំងអ្នកសង្គ្រោះជិត ២ពាន់នាក់ និងគ្រឿងចក្រជាច្រើនគ្រឿងទៀត។ ជនរងគ្រោះក្នុងហេតុការណ៍មាន ៥៩នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦នាក់ និងអ្នកនៅរស់មាន ២៣នាក់៕