(ភ្នំពេញ)៖ ថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា មានសេចក្តីទុក្ខក្រៀមក្រំសោកសៅជាទីបំផុត ចំពោះសោកនាដកម្ម នៃការរលំបាក់អគារនៅខេត្តកែប កាលពីវេលាម៉ោង៤៖៣០នាទី នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅ និងបានបណ្តាលឱ្យមានការបាត់បង់ជីវិត និងការរងរបួសធ្ងន់ស្រាល ដល់កម្មករ កម្មការិនីជាច្រើននាក់ ដែលកំពុងបម្រើការងារនៅ ក្នុងការដ្ឋានសំណង់មួយនេះ។

ថេរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារទាំងអស់របស់ជនរងគ្រោះ និងសូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់កម្មករ កម្មការិនី ដែលបាត់បង់ជីវិត ទៅបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមចម្រើនពរដល់កម្មករ កម្មការិនី ដែលមានរបួសធ្ងន់ស្រាលទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សូមបានឆាប់ជាសះស្បើយឡើង វិញក្នុងពេលឆាប់ៗខាងមុខនេះ។

ជាពិសេសថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា សូមចម្រើនពរថ្លែងអំណរគុណជាអតិប្បរមា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំកម្លាំងមានសមត្ថកិច្ច គ្រប់ផ្នែក ដោយផ្ទាល់ និងទាន់ពេលវេលាបំផុត ប្រកបដោយប្រសិទ្ធភាព ខ្ពស់ដល់ទីកន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ ដែលកាយវិការនេះ គឺជាការបង្ហាញច្បាស់ឱ្យឃើញពីទឹកចិត្ត អាណិតស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់ សម្តេចតេជោចំពោះប្រជាជនយ៉ាងពិតប្រាកដ ដូចដែលប្រជាជនតែង បានលើកថា ទីណាប្រជាជនជួបទុក្ខរំបាក ទីនោះគឺមានសម្តេចតេជោ ជួយដោះស្រាយជានិច្ច។

សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ករណីរលំអគារនេះ បណ្តាលឱ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)៕