(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ទួលសង្កែទី១ បណ្ដាលឲ្យរងការខូចខាតផ្ទះអស់ជាច្រើនខ្នង និងបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៣០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅចំណុចភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានលឺសំឡេងផ្ទុះលាន់យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋជាច្រើនបានរត់ចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ។ ភ្លាមៗនោះក៏បានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់កាអគ្គិភ័យ ឲ្យចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង ដែលកំពុងឆាបឆេះខាងលើនេះផងដែរ។

សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលបានឆាបឆេះខាងលើនេះ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៤១គ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់ការឆាបឆេះនេះ មិនឲ្យរាលដាលទៅផ្ទះជិតខាងផ្សេងៗទៀត។

សមត្ថកិច្ចបានវាយតម្លៃជាបឋមថា ករណីអគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅខាងលើនេះ បានបណ្ដាលឲ្យរងការខូចខាតផ្ទះចំនួន១៥ល្វែងស្មើនឹង១៧០បន្ទប់ និងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផងដែរ។

ដោយឡែកសម្រាប់ ដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័យ នៅមិនទាន់ដឹងមូលហេតុនោះទេ ហើយទំហំនៃការខូចខាតសមត្ថកិច្ចជំនាញនៅមិនទាន់ អាចបញ្ជាក់ច្បាស់នៅឡើយទេ ព្រោះកំពុងតែធ្វើការស្រាវជ្រាវ៕