(កែប)៖ អ្នកស្រី ស្រីឡែន គឺជាស្ត្រីម្នាក់ចំណោមអ្នករងគ្រោះ ដែលជាប់ក្នុងគំនរអគារបាក់រលំ នៅខេត្តកែប។ នាងរស់នៅក្នុងខេត្តកំពត ត្រូវបានក្រុមសង្គ្រោះ ជួយសង្គ្រោះបានជាមួយនឹងស្វាមីរបស់គាត់ នៅម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចេញពីគំនរអគារ។

ស្រីឡែន បានចាត់ទុកការរួចជីវិតពីគំនរអគារបាក់រលំនេះ ដូចជាការចាប់កំណើតជាថ្មីម្តងទៀតយ៉ាងដូច្នេះដែរ ហើយមិនមែនរួចជីវិតរបស់ខ្លួន និងស្វាមីប៉ុណ្ណោះទេ គឺរួមទាំងស្រីតូចអាយុ៣ឆ្នាំផងដែរ។

អ្នកស្រីឡែន បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fresh News នៅមន្ទីរពេទ្យបង្អែកខេត្តកែប ដែលជាកន្លែងកំពុងសម្រាកបន្ទាប់ពីយកចេញពីគំនរអគារថា អ្នកស្រី និងស្វាមី បានមកធ្វើការងារសំណង់ នៅទីតាំងកើតហេតុនេះ រយៈពេល៣ខែមកហើយ ដែលរាល់ដងអ្នកស្រីតែងតែ នាំមកជាមួយនៅកូនស្រីតូចអាយុ៣ឆ្នាំមកជាមួយ ប៉ុន្តែមុនកើតហេតុ៣ថ្ងៃ អ្នកស្រីមានទៅផ្ទះនៅខេត្តកំពត ក៏ទុកកូនស្រីនោះឲ្យនៅផ្ទះជាមួយបងរបស់គេ អាយុ១១ឆ្នាំ ដែលនេះអាចចាត់ទុកថា ជាមហាសំណាងល្អមួយផងដែរ។

ជាមួយនឹងការរួចផុតពីជ្រោះមរណៈនេះ ស្រីឡែន មិនបានភ្លេចនៅការលើកម្រាមដៃដប់សំពះ អរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសង្គ្រោះជីវិតរបស់អ្នកស្រី និងក្រុមគ្រួសារ ហើយថែមផ្តល់ថវិកាជួយអ្នកស្រីថែមទៀត។

អ្នកស្រី ស្រីឡែន និយាយថា «បើកូនស្រីខ្ញុំមកជាមួយ ប្រហែលជាខ្ទេចឆ្អឹងបាត់ទៅហើយ ! ខ្ញុំអរគុណសម្តេច ហ៊ុន​ សែន ដែលបានផ្តល់លុយឲ្យខ្ញុំ មានប៉ូលិស មានទាហានជួយកាយយកជីវិតខ្ញុំមកវិញ ខ្ញុំត្រេកអរខ្លាំងណាស់ ខ្ញុំមិនភ្លេចគុណគាត់ទេ»។

អ្នកស្រី ស្រីឡែន និងស្វាមី គឺជាគូស្វាមីភរិយា១គូ ក្នុងចំណោមគូស្វាមីភរិយាទាំង២គូ ដែលត្រូវបានសង្គ្រោះចេញពីគំនរអគារកម្ពស់៦ជាន់ ហើយទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន នូវទឹកប្រាក់ម្នាក់២ម៉ឺនដុល្លារ (១គូទទួលបាន៤ម៉ឺនដុល្លារ)។

សូមរំលឹកថា ករណីរលំបាក់អគារកម្ពស់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕