(កំពត)៖ ថ្ងៃទី២នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ បានបញ្ចប់ដោយជោគជ័យហើយ ក្រោយចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុង កាត់តំបន់ស្រែអំបិល និងវាលរេញ ខេត្តព្រះសីហនុ មកបញ្ចប់នៅកំពូលភ្នំបូកគោ ខេត្តកំពត នាល្ងាចថ្ងៃទី០៥ ខែមករានេះ ខណៈលទ្ធផលជយលាភីមានការផ្លាស់ប្ដូរទាំងស្រុង បើធៀបនឹងការប្រកួតនៅថ្ងៃទី១ កាលពីម្សិលមិញ ដោយថ្ងៃនេះកីឡាករហុងកុងជាអ្នកគ្រងជើងឯកវិញម្ដង។

សម្រាប់ពិធីបិទការប្រកួតថ្ងៃទី២នេះដែរ បានធ្វើឡើងនៅមុខសណ្ឋាគារឡឺបូកគោផាលេស (កំពូលភ្នំបូកគោ) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក Bruno BODARD អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។

ចំពោះលទ្ធផលក្នុងការប្រកួតដ៏ស្វិតស្វាញលើចម្ងាយផ្លូវសរុប ១៧២.៨គីឡូម៉ែត្រនេះ មានតទៅ៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករហុងកុង Choy Hiu Fung មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលា ៤ម៉ោង ៤០នាទី និង ១៨វិនាទី។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករសិង្ហបុរី Cahyadi Aimam មកពីក្លឹប PGN Road Cycling Team ប្រើថេរវេលា ៤ម៉ោង ៤២នាទី និង ៣១វិនាទី។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករម៉ាឡេស៊ី Zulkiflie Nik Mohd Azwan មកពីក្លឹប KELAN Tan Cycling Team ប្រើថេរវេលា ៤ម៉ោង ៤២នាទី និង ៣៤វិនាទី។

ជាមួយការប្រកួតថ្ងៃទី២នេះដែរ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបន្ដបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការប្រកួតប្រជែងរបស់កីឡាករ និងគណៈកម្មការរៀបចំ រួមទាំងកិច្ចសហការយ៉ាងល្អរបស់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅតាំងពីរង្វង់មូល សាយ ភូថង រហូតដល់រមណីយដ្ឋានឋានសួគ៌បូកគោ។ អ្វីដែលពិសេសកីឡាករកម្ពុជាក៏ត្រូវបានគណៈកម្មការ UCI កោតសរសើរផងដែរ ដែលបានជិះមកដល់គោលដៅជាមួយលទ្ធផលមួយល្អប្រសើរទៀតផង។

គួរបញ្ជាក់ថា ថ្ងៃទី៣នៃព្រឹត្តិការណ៍នេះនឹងបន្ដការប្រកួតនាថ្ងៃទី០៦ ខែមករាស្អែក ដោយចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅទីរួមខេត្តកែប តែត្រូវជិះជុំវិញសាលាខេត្តចំនួន ៦ជុំ ដែលមានចម្ងាយសរុបប្រមាណ ១៤៣.៥គីឡូម៉ែត្រ៕