(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុរលំបាក់អគារក្នុងខេត្តកែប។ នេះបើយោងតាមសារលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

លោក ឯម ច័ន្ទមករា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំបំផុតចំពចំពោះសោកនាដកម្ម នៃការរលំបាក់អគារកាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានជនរងគ្រោះ៥៩នាក់ ស្រី២២នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៣៦នាក់ ស្រី១៤នាក់»

លោកបន្តថា «ខ្ញុំសូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពទាំងអស់ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ អ្នកដែលបាត់បង់ជីវិតទាំងអស់ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់បងប្អូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលរបួស សូមឲ្យឆាប់បានជាសះស្បើយ ដើម្បីវិលមកប្រកបជីវភាពរស់នៅជាប្រក្រតីឡើងវិញ»

លោកអគ្គលេខាធិការបន្ថែមទៀតថា «យើងខ្ញុំសូមសម្តែងនូវការគោរពដឹងគុណ ចំពោះវីរៈភាពដឹកនាំប្រកបដោយគតិបណ្ឌតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ ទីណាមានទុក្ខលំបាក ទីនោះមានសម្តេចតេជោ ហ៊ុន សែន»