(ភ្នំពេញ)៖ ដើម្បីធានាថា ចំណីអាហារនៅក្នុងសាលារៀន មិនមានសារធាតុគីមី និងមានអនាម័យល្អ និងធានាថាសិស្សានុសិស្សមិនទទួលរងផលប៉ះពាល់អវិជ្ជមាន ពីចំណីអាហារក្នុងសាលារៀន ជាពិសេសសាលារៀននៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាល ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីយុទ្ធនាកាផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ នៅក្នុងសាលារៀន។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រសួង បានចេញសេចក្តីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការពង្រឹងវិធានការ អនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលក្នុងនោះ ចំណីអាហារត្រូវហាមឃាត់ ក្នុងគ្រឹះស្ថានសិក្សា មានដូចជា៖

១៖ អាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទ
២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤៖ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈមានរសជាតិផ្អែមខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូហ៍គ្រប់ប្រភេទ
៥៖ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូ គ្រប់ប្រភេទ
៦៖ ចាហួយគ្រប់ប្រភេទ នំដូណាត់ និងនំផ្អែមខ្លាំង។

ជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន MSA និងក្រុមហ៊ុន KBSK នឹងធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

គោលបំណងចម្បង នៃយុទ្ធនាការនេះ គឺផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទៅកាន់អ្នកពាក់ព័ន្ធសំខាន់ៗដូចជា គណៈកម្មការគ្រប់គ្រងសាលារៀន ឬនាយកសាលារៀន និងអ្នកលក់ចំណីអាហារនៅក្នុងសាលារៀន ទាំងអស់ដើម្បី ឲ្យពួកគាត់មានការយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ នូវរាល់ចំណីអាហារដែលមាននៅក្នុងសាលារៀន។

យុទ្ធនាការនេះ នឹងបញ្ជ្រាបចំណេះដឹង ដល់អ្នកលក់ដូរ ដែលជាគោលដៅសំខាន់ ឲ្យបានយល់ដឹងអំពីការរក្សាក្បួនអនាម័យ ក្នុងការលក់ដូរ និងការហាមលក់ដូរចំណី អាហារដែលអាចបង្ក ឲ្យមានបញ្ហាសុខភាពដល់សិស្ស ជាពិសេសកុមារតូចៗ។

យុទ្ធនាការនៅជំហានដំបូង នឹងចាប់ផ្តើមប្រារព្ធនៅក្នុងសាលាបឋមសិក្សា ព្រះនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក និងនៅក្នុងសាលាបឋមសិក្សាអង្គរបាន ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៖៣០នាទីរសៀល៕