(កែប)៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងយុទ្ធនាការជួយសង្គ្រោះជនរងគ្រោះបណ្ដាលមកពីការបាក់រលំអគារនៅខេត្តកែប។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងយុទ្ធនាការនេះ និងបាននាំយកគ្រឿងឧបភោគ បរិភោគ រួមមានដូចជា ចេក នំ ចំណី និងទឹកបរិសុទ្ធជាដើម ទៅចែកជូនដល់ក្រុមការងារជួយសង្គ្រោះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនទៅចែកជូនជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន នៅខេត្តកែបផងដែរ៕