(កែប)៖ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ លោក ជាវ តាយ អភិបាលខេត្តកំពត ដែលជាខេត្តជាប់ព្រំប្រទល់គ្នា បានបញ្ជូនគ្រឿងចក្រចំនួន៨គ្រឿង ក្នុងនោះមានរថយន្តស្ទូច៥គ្រឿង, អេស្កាវាទ័រ៣គ្រឿង និងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន៣៥០នាក់ រួមទាំងក្រុមប្រតិបត្តិសាខាកាកបាទក្រហមចំនួន១០នាក់ ទៅទីតាំងរលំបាក់អគារស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដើម្បីចូលរួមជួយក្នុងប្រតិបត្តិការសសង្គ្រោះជនរងគ្រោះ។

សូមបញ្ជាក់ថា គិតម៉ោង៨៖៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស១ ស្រី៣នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។

អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ៕