(ភ្នំពេញ)៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល ពីបទ «រំលោភលើទំនុកចិត្ត»។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨៖១០នាទី នៅចំណុច ផ្លូវជាតិលេខ៤ ភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ថាច់ សុវណ្ណា ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌ ស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុច ចំរើន ភេទប្រុស អាយុ៣៣ឆ្ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកបន្ដថា ការចាប់ខ្លួនខាងលើនេះ បានធ្វើឡើងតាម ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០០៦ ដ ក ប ច ខ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល ពីបទ «រំលោភលើទំនុកចិត្ត» ដែលជនសង្ស័យនោះ បានប្រព្រឹត្តនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

បច្ចុប្បន្ន កម្លាំងជំនាញ បានកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕