(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ី កល្យាន ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្តួចផ្តើមបង្កើត នូវមជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរ លើកដំបូងនៅកម្ពុជា បានអះអាងថា ក្នុង១ឆ្នាំៗកម្ពុជាខាតបង់ថវិកាប្រមាណ៤០លានដុល្លារ ពីការនាំចូលសរសៃសូត្រប្រមាណ៤០០តោន។

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News បណ្ឌិត ម៉ី កល្យាន បានអះអាងថា «ក្នុងមួយឆ្នាំៗតាមកាប៉ាន់ស្មាន កម្ពុជាបាននាំចូលសរសៃសូត្រ ប្រមាណ៤០០តោន ដោយនាំមកពីប្រទេសវៀតណាម និងប្រទេសចិន ដើម្បីផលិតនូវផលិតផលផ្សេងៗ ហើយក្នុងបរិមាណ៤០០តោននេះ គិតជាទឹកប្រាក់ប្រមាណ៤០លានដុល្លារសហរដ្ឋអាមេរិក»។

លោកបន្ថែមថា កត្តាដែលនាំឲ្យការនាំចូលសរសៃសូត្រពីក្រៅប្រទេសនេះ បន្ទាប់ពីកម្ពុជាមិនអាចផលិត និងផ្គត់ផ្គង់សរសៃសូត្របានគ្រប់គ្រាន់ ដោយសារតែកម្ពុជា ប្រឈមនឹងបញ្ហាជំងឺដង្កូវនាង (ដង្កូវនាងកើតជំងឺ) ដោយក្នុងនោះ៨០ភាគរយនៃដង្កូវនាងបានងាប់ មានន័យថា ចិញ្ចឹម១០០ក្បាល គឺងាប់អស់៨០ក្បាល ដូច្នេះសល់តែ២០ក្បាលតែប៉ុណ្ណោះ ហើយពូជដង្កូវនាងនេះទៀតសោធ ជាពូជទទួលបាននូវទិន្នផលតិច។ ទាំងនេះជាកត្តាដែលមិនអាចផលិតសរសៃសូត្រ និងផ្គត់ផ្គង់គ្រប់គ្រាន់នៅកម្ពុជា ដែលតម្រូវឲ្យមានការនាំចូល។

លោកបញ្ជាក់ថា ដើម្បីស្តារឡើងវិញនូវស័យសូត្រនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាកន្លែងស្រាវជ្រាវ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើតពូជដង្កូវនាង ដែលគ្មានជំងឺ ហើយចិញ្ចឹមទទួលបានទិន្នផលខ្ពស់ ដែលរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលអាចបង្កាត់ពូជដង្កូវនាងបានប្រហែល១០ពូជហើយ ដែលសុទ្ធតែជាពូជល្អ។

លោកក៏បន្ថែមថា បច្ចុប្បន្នយើងនេះបានពង្រឹង ការចិញ្ចឹមដង្កូវនាងបានយ៉ាងរឹងមាំ ដោយចិញ្ចឹម១០០ក្បាលងាប់តែ៥ក្បាលប៉ុណ្ណោះ ដែលខុសឆ្ងាយពីកាលពីមុន ងាប់រហូតដល់៨០ក្បាលនេះមានន័យថា យើងបានគ្រប់គ្រងជំងឺនេះបាន ហើយក៏បានបន្ដការខិតខំប្រឹងប្រែង ឲ្យផលិតភាពច្រើនជាងមុន។

ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ងាកមកចាប់របរផលិតសូត្រឡើងវិញ ព្រោះតែតម្រូវការសូត្រ នៅពេលបច្ចុប្បន្ននេះមានតម្លៃការខ្ពស់ ហើយតម្លៃក៏កើនឡើងខ្ពស់ដែរ ខណៈដែលបញ្ហាបច្ចេកទេស និងពូជដង្កូវនាងត្រូវបានធានាជូនបងប្អូនប្រជាពលរដ្ឋ។

លោកបណ្ឌិតបញ្ជាក់ថា «គ្រឹះដ៏រឹងមាំនេះយើងខ្ញុំធ្វើបានហើយ ដូច្នេះសូមអំពាវនាវ ដល់វិស័យឯកជន និងសហគមន៍ ប្រសិនបើចាប់អារម្មណ៍លើវិស័យសរសៃសូត្រនេះ សូមអញ្ជើញមកទស្សនាកន្លែងសូត្ររបស់យើង នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទីតាំងតាមបណ្ដាខេត្តដូចជាខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគីរីជាដើម»។

លោកណ្ឌិត ម៉ី កល្យាន បានឲ្យដឹងថា តាមបច្ចេកទេសការស្ដារឡើងវិញ នូវវិស័យសូត្រមិនមាន ជាបញ្ហាចោទឡើយ បញ្ហាចោទត្រង់ថា ការផ្សព្វផ្សាយ, ការណែនាំ, ការបង្វែរឲ្យប្រជាជនមកយល់ដឹងពីបញ្ហាសរសៃសូត្រ និងប្រកបការងារនេះឡើងវិញ ព្រោះពួកគាត់ប្រកបរបរនេះត្រូវការថវិកា ដើម្បីចិញ្ចឹមគ្រួសារ ទាំងនេះទើបជាបញ្ហាចោទ។

សូមជម្រាបថា មជ្ឈមណ្ឌលស្រាវជ្រាវសូត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តម្លៃជាង១០ម៉ឺនដុល្លារ ត្រូវបានបើកដំណើរការ កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដែលមជ្ឈលមណ្ឌលនេះបង្កើតឡើង ដើម្បីផ្តល់ឱកាសដល់និស្សិតចុះស្រាវជ្រាវអំពីការបង្កាត់/ បង្សុតកូនដង្កូវនាង ដោយផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តផ្ទាល់៕