(ភ្នំពេញ)៖ នៅម៉ោងជាង១០យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាញ់តដៃគ្នារវាងជនសង្ស័យ និងកម្លាំងការិយាល័យ គ្រឿងញៀន ក៦ ជាច្រើនគ្រាប់តែមិនបណ្តាលឲ្យ មានរងរបួសនោះទេ ទីតាំងកើតហេតុនៅតាមបណ្តោយលេខ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមកម្លាំងការិយល័យគ្រឿងញៀន ក៦ បានប្រាប់ថា មុនកើតហេតុគឺកម្លាំងបានតាមមុខសញ្ញា ៤ ទៅ៥នាក់ ចេញពីម្តុំពេទ្យលោកសង្ឃកំពុងតាមជនសង្ស័យដឹងខ្លូន បានជិះម៉ូតូគេចពីកម្លាំង តាមផ្លូវ៥៩៨ បត់មកផ្សារមាន់អាំង លុះបត់បានបន្តិចនឹងមានការជិះប្រដេញពីកម្លាំងនគរបាលផង ជនសង្ស័យបានបត់ម៉ូតូចូលក្នុងផ្ទះរួចដកកាំភ្លើង បាញ់មកលើកម្លាំងនគរបាលជាច្រើនគ្រាប់តែមិនត្រូវ ហើយកម្លាំងនគរបាលបានរត់គេចចេញពីគ្រាប់កាំភ្លើង រឺឯជនសង្ស័យបានរត់ចូលក្នុងផ្ទះក្រោយមកត្រូវបាន កម្លាំងការិយាល័យគ្រឿងញៀនក៦ ហៅខាងកម្លាំងខណ្ឌទួលគោក មកជួយឡោមព័ទ្ធចាប់បាន២នាក់ ដកហូតបានអាវុធខ្លីមួយដើម និងសំបកគ្រាប់ដែលបាញ់រួចមួយចំនួនផងដែរ។

ជនសង្ស័យដែលប្រើប្រាស់កាំភ្លើងនឹងបាញ់តដៃជាមួយសមត្ថកិច្ច ទី១៖ ឈ្មោះ គិត ម៉េងលី ភេទប្រុស អាយុជាង២០ឆ្នាំ, ទី២៖ ឈ្មោះ មាស សីលា ហៅអាទាល់ ភេទប្រុសអាយុជាង២០ឆ្នាំ។ ក្រោយកើតហេតុជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅសាកសួរនៅខាងការិយាល័យគ្រឿងញៀន ក៦៕