(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រារព្ធពិធីសំពះគ្រូ និងសច្ចាប្រណិធានតម្លើងស្នាដៃរបាំបុរាណខ្មែរ មានចំណងជើងថា «អប្សរា ២៥ដួង» ដែលរៀបចំឡើងដោយ ក្រុមយុវជនស្ម័គ្រចិត្ត នៃសកលវិទ្យាល័យមេគង្គកម្ពុជា និងដោយមានការចូលរួមជាអធិបតីពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

លោកស្រី ឱម យុវណ្ឌី សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក ផល សារាវុធ សាស្ត្រាចារ្យនៃសាលាមធ្យមវិចិត្រសិល្បៈ។

ទស្សនីយភាពរបាំបុរាណខ្មែរ អមដោយទំនុកភ្លេងបុរាណយ៉ាងពិរោះរងំ ដែលបានធ្វើសច្ចាប្រណិធានតម្លើងស្នាដៃនាថ្ងៃនេះ គឺក្នុងគោលបំណង ត្រៀមយកទៅប្រកួត មហោស្រពសិល្បៈយុវជន ទូទាំងប្រទេស ដើម្បីអបអរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ដែលសង្ឃឹមថាស្នាដៃមួយនេះ នឹងទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍ក្នុងការផ្សព្វផ្សាយអោយមហាជនបានស្គាល់ពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ ដោយមានការគាំទ្រពេញទំហឹង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងប្រឹក្សាយោបល់ដោយសាស្ត្រាចារ្យ ផ្នែកវិចិត្រសិល្បៈ ចំនួន០៤រូបគឺ លោកស្រី ឱម យុវណ្ឌី, លោក ផល សារាវុធ, លោកស្រី អ៊ុក សុទ្ធារ៉ា និង លោក សេង សំអ៊ែល។

បើទោះបីក្រុមយុវជនស្ម័គ្រចិត្តទាំងនេះ ពុំមែនជាអ្នកសិល្បៈអាជីព តែពួកគេបានហ្វឹកហាត់និងសម្តែង ផ្នែកសិល្បៈបុរាណខ្មែរបានយ៉ាងល្អ និងធ្លាប់បានចូលរួមប្រកួត ដណ្តើមបានទទួលពានរង្វាន់ ក្នុងការតម្លើងស្នាដៃជាច្រើនឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០១៥មក ដូចជាស្នាដៃរបាំ «នាគក្នុងដួងចិត្តខ្មែរ», របាំ «មរតកភ្លេងពិណពាទ្យ», ល្ខោនចម្រុះរឿង «យើងទាំងអស់គ្នាដើម្បីខ្មែរ» និងពិសេសស្នាដៃល្ខោនចម្រុះចុងក្រោយថ្មីៗនៅឆ្នាំ២០១៨ គឺ រឿង «មាតុភូមិ និង ស្នេហា» ដែលទទួលបានពានរង្វាន់ជ័យលាភីស្នាដៃឆ្នើម ថ្នាក់លេខ១ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២០ឆ្នាំ២០១៨៕