(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីសាខាកាំកុងត្រូលខេត្ត បន្តចុះអង្កេតទំនិញ ម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោក មាស មោរ៉ា បញ្ជាក់ឲ្យដឹងថា ក្នុងសកម្មភាពត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ
មន្ត្រីសាខាកាំកុងត្រូល បានពិនិត្យលើស្លាក សញ្ញាវេចខ្ចប់ កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ និងគុណភាព សុវត្ថិភាពផលិតផលកំពុងដាក់តាំងលក់ ។ ទន្ទឹមនោះ មន្ត្រីជំនាញបានយកគំរូផលិតផលគ្រឿងសមុទ្រមានបង្គារស្រស់ និងមឹកស្រស់ក្លស្សេ ត្រីងៀត មាំុល្ហុង ស្ពៃជ្រក់ និងអំបិលបញ្ចូលជាតិអីុយ៉ូដ ដើម្បីធ្វើតេស្តបឋមស្វែងរកអីុយ៉ូដក្នុងអំបិល និងសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផល ។

ជាលទ្ធផល នៃការត្រួតពិនិត្យ និងការធ្វើតេស្តបឋម បានរកឃើញអំបិលមានស្លាកសញ្ញារូបទន្សាយពីរពុំមានសារធាតុគីមីអីុយ៉ូដ។

ក្រៅពីនោះ មន្តីកាំកុងត្រូល បានបញ្ជូនគំរូផលិតផលបន្លែចំនួន២៧មុខ ដើម្បីវិភាគរកសំណល់ថ្នាំពុលកសិកម្ម នៅមន្ទីពិសោធន៌របស់អគ្គនាយកដ្ឋានកាំកុងត្រូល ។ លើសពីនោះ មន្ត្រីជំនាញបានបិតផ្ទាំងស្លាកសញ្ញាយល់ដឹងអំពីការជ្រើសរើសផលិតផល ទំនិញ ប្រកបដោយគុណភាព និងសុវត្ថិភាព ៕