(ភ្នំពេញ៖)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិស័យឯកជន បានបើកយុទ្ធនាការផ្សព្វផ្សាយ ស្តីពីការរួមគ្នាដើម្បីសុវត្ថិភាពចរាចណ៍ និងធ្វើការចែកមួកសុវត្ថិភាពដោយមិនគិតថ្លៃ។

យុទ្ធនាការនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្ត ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំមន្រ្តីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន Michelin និងក្រុមហ៊ុន វើលដ៍ប្រ៊ីដត្រេតឌីង។

ក្នុងពិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាព លោក សេន ជាតិវិសុទ្ធ អនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោ បានលើកឡើងថា យុទ្ធនាការចរាចរណ៍ផ្លូវគោកក៏មានកម្មវិធីសួរ និងឆ្លើយសំណួរយកមួកសុវត្ថិភាព ចំនួន២០០មួក ហើយក៏មានការផ្តល់ជូននូវសេវាត្រួតពិនិត្យសុវត្ថិភាពរថយន្ត ៣០ចំណុច ដោយឥតគិតថ្លៃ ពីមជ្ឈមណ្ឌលថែទាំរថយន្ត Tyre Plus។

លោកបន្តថា យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ នឹងចូលរួមបង្កើនការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្កើនសុវត្ថិភាពយានយន្ត និងកាត់បន្ថយអត្រាស្លាប់ដោយសារការប៉ះទង្គិចក្បាល បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យនៅកម្រិតទាបផងដែរ៕