លោក កឹម សុខា បន្តទទួលជួបឯកអគ្គរាជទូតញ៉ូហ្ស៉ីឡែន ក្រោយទទួលបានសិទ្ធិសេរីភាពច្រើនជាងមុន (Video inside)

17-12-2019 10:22

(ភ្នំពេញ)៖ លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្គ្រោះជាតិ បានបន្តទទួលជួប លោក Taha Macpherson ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ ប្រទេសញ៉ូហ្ស៉ីឡែន (New Zealand) ប្រចាំប្រទេសកម្ពុជា ថៃ និងប្រទេសឡាវ នៅក្នុងគេហដ្ឋានរបស់លោក នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសជាង ១០ហើយ បានចូលជួប លោក កឹម សុខា មេដឹកនាំក្រុ្មប្រឆាំង បន្ទាប់ពីលោកទទួលបានសិទ្ធិសេរីភាព ដើម្បីធ្វើសកម្មភាពច្រើនជាងមុន រយៈពេលប្រមាណជាង ១ខែមកនេះ។

លោក កឹម សុខា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបន្ថយលក្ខខណ្ឌដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលពេលនេះ លោកអាចជួបជាមួយមនុស្សទូទៅ និងដើរហើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនអនុញ្ញាតឱ្យធ្វើនយោបាយ និងចាកចេញទៅក្រៅប្រទេសឡើយ៕