(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ពោលគឺរយៈពេលជិត២ឆ្នាំនេះ រដ្ឋាភិបាលបានឧបត្ថម្ភថវិកា ប្រមាណ៥៥ពាន់លានរៀលហើយ សម្រាប់កម្មការិនី ដែលឆ្លងទន្លេមានជាង១០ម៉ឺននាក់។

ការមានប្រសាសន៍បញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «គិតសម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នួ ឆ្នាំ២០១៩ មានកម្មការិនីឆ្លងទន្លេ ១៣៨,០៩១នាក់ កូន១៣៩,០៥៥នាក់ ដែលផ្តល់ប្រាក់ឧបត្ថម្ភ អស់ជាង៥៥ពាន់លានរៀល អញ្ចឹងបើយើងពិនិត្យមើលលើចំនួនកម្មការិនី ឆ្លងទន្លេកាលពីឆ្នាំ ទៅមានជាង៦ម៉ឺននាក់បន្តិច ឯឆ្នាំនេះលោតឡើងជា៧ម៉ឺននាក់ ទាំងនេះ គឺស្ថិតនៅក្នុងគោលនយោបាយគាំពារសង្គម ហើយគ្រូពេទ្យជាអ្នកចំលរួមចំណែកធ្វើកិច្ចការងារនេះ ហើយទទួលបានប្រាក់ឧបត្ថម្ភនៅទីនោះតែម្តង»

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ក្នុងរយៈពេល១៩៨ថ្ងៃ ចាប់ពីពេលអនុវត្តន៍ រហូតមកដល់ពេលនេះ មានស្ត្រី និងកុមារមកពីគ្រួសារក្រីក្រ ចំនួន១៦៥,១១៥ ករណីហើយ បានទទួលសេវា និងទទួលសាច់ប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដែលត្រូវបានចំណាយថវិកាប្រមាណ១០ពាន់លានរៀលហើយ សម្រាប់ឧបត្ថម្ភដល់ស្ត្រីដែលចាប់ផ្តើមមានផ្ទៃពោះភ្លាម គឺត្រូវចាប់ផ្តើមកាតឧបត្ថម្ភ មុនពេលឆ្លងទន្លេ ត្រូវទៅពិនិត្យផ្ទៃពោះចំនួន៤ដង ដោយមានការឧបត្ថម្ភផង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា នៅពេលស្ត្រីឆ្លងទន្លេ រាជរដ្ឋាភិបាលបានឧបត្ថម្ភជាសាច់ប្រាក់បន្ថែមទៀត បន្ទាប់ពីឆ្លងទន្លេរួចហើយ ដែលមានរយៈពេល២ឆ្នាំ រដ្ឋាភិបាលបានឧបត្ថម្ភប្រាក់ចំនួន៨ដងបន្ថែមទៀត ដូច្នេះ រដ្ឋាភិបាលត្រូវចំណាយថវិកា សម្រាប់ថែទាំកុមារម្នាក់ គឺត្រូវចំណាយថវិកាជិត២០០ដុល្លារ ទាំងនេះជាផ្នែកមួយនៃការរួមចំណែក ដើម្បីចូលរួមដោះស្រាយបញ្ហាក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការផ្តល់សេវាថែទាំ មាតា និងទារកនេះ គឺជាការចាប់ផ្តើមធ្វើឱ្យប្រជាពលរដ្ឋខ្មែរ កុំឱ្យមានសភាពក្រិន ឬក៏ស្ថានភាពខ្វះអាហារូបត្ថម្ភ ហើយនេះជាចំណុចមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមធ្វើ និងយកចិត្តទុកដាក់យ៉ាងខ្លាំង។

បន្ថែមពីនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានមានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ម្សិលមិញ មានកម្មការិនី បានឆ្លងទន្លេមានចំនួន ២៥០នាក់ ដែលមានទារកចំនួន ២៥០នាក់ ហើយបើគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ មានកម្មការិនី ឆ្លងទន្លេចំនួន ៧៣,០៣៧នាក់ ដែលមានចំនួនកូន ៧៣,៥២១នាក់ ដូច្នេះ នៅក្នុងឆ្នាំ២០១៩ អត្រាកើតក្នុងចំណោមកម្មការិនី មានអត្រាខ្ពស់ជាងមុន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែលថា មូលហេតុដែលចំនួនកម្មការិនី មានការកើនឡើងនូវការពរពោះ រហូតឆ្លងទន្លេ គឺមកពីរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសម្រាប់កម្មការិនីដែលឆ្លងទន្លេ ទទួលបានការឈប់សម្រាក់ ៣ខែ ជាមួយនឹងប្រាក់បៀរ៍វត្ស ១៣០ភាគរយ បូកបន្ថែមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល១០០ដុល្លារបន្ថែមទៀតផងដែរ៕