(សៀមរាប)៖ មូលនិធិ Herbalife Nutrition (HNF) ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្តេជ្ញាចិត្តជួយកុមារដែលខ្វះខាត នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយកថវិកា ៤០,០០០ដុល្លារផ្តល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់កម្មវិធីអាហារូបត្ថម្ភក្នុងឆ្នាំ២០១៩-២០២០ សម្រាប់កុមារខ្វះខាត ដែលជាអ្នកជំងឺ សម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។

ក្នុងឱកាសនោះដែរមន្ទីរពេទ្យកុមារអង្គរ ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Herbalife Nutrition ក្នុងភាពជាដៃគូជាមួយគ្នាក្នុងកម្មវិធី Casa Herbalife Nutrition នៅក្នុងខេត្តសៀមរាប និងបានក្លាយជាដៃគូទី២បន្ទាប់ពីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។

មន្ទីរពេទ្យកុមារអង្គរ (AHC) គឺជាអង្គការផ្តល់ថែទាំសុខភាពកុមារ ដែលមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់ សុខភាពកុមារកម្ពុជា ទាំងអស់នៅកម្ពុជា ដោយបានផ្តល់នូវតំហែទាំ ដោយការយកចិត្តទុកដាក់ដល់កុមារ មកពីទូទាំងប្រទេសអស់រយៈពេល ២០ឆ្នាំមកហើយ។ សព្វថ្ងៃនេះ AHC ក្លាយជាមជ្ឈមណ្ឌល នៃឧត្តមភាព តាមរយៈការផ្តល់ជូននូវសេវាកម្មឯកទេសប្រកបដោយគុណភាពខ្ពស់ ដែលកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា មិនអាចរកបាន។ តាមរយៈទិន្នន័យ ការស្រាវជ្រាវ និងការកំណត់គោលនយោបាយ AHC កំពុងធ្វើឱ្យមានឥទ្ធិពលកាន់តែទូលំទូលាយ ដោយការពង្រឹងប្រព័ន្ធថែទាំសុខភាព និងមានឥទ្ធិពដល់សុខភាពកុមារ ក្នុងតំបន់ ក្នុងប្រទេស និងអន្តរជាតិ។

លោកស្រី ឈុន ណៃឈីវ អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Herbalife Nutrition កម្ពុជា បានឱ្យដឹងថា យើងមានសេចក្តីរីករាយ និងសូមប្រកាសពីភាពជាដៃគូ ជាមួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីឧបត្ថម្ភអាហារូបត្ថម្ភដល់អ្នកជំងឺដែលត្រូវបានគេចាត់ទុកថាជាកុមារដែលខ្វះខាត។ កិច្ចការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្ត​របស់យើង ក្នុងការកែលំអជីវិតរស់នៅរបស់កុមារដែលខ្វះខាត តាមរយៈកម្មវិធី Casa Herbalife របស់មូលនិធី herbalife Nutrition។ យើងជឿជាក់ថា អាហាររូបត្ថម្ភល្អគឺជាគន្លឹះឆ្ពោះ ទៅកាន់ជីវិតដែលសកម្ម មានសុខភាពល្អ ហើយវាជាការសំខាន់ណាស់ ដែលយើងផ្តល់ឱ្យកុមារនូវអាហារូបត្ថម្ភល្អប្រសើរ សម្រាប់ការអភិវឌ្ឍសុខភាពរយៈពេលវែង របស់ពួកគេ។

លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភ័ក្ត្រា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងដែរថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលការគាំទ្រពី ភាពជាដៃគូថ្មី ជាមួយមូលនិធី Herbalife Nutrition ដែលជាអង្គភាពមួយ ដែលមានការយល់ដឹងពីតួនាទីនៃអាហារូបត្ថម្ភ ដែលដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងសុខភាពរបស់​កុមារ។ ការចូលចំណែករបស់មូលនិធិ Herbalife Nutrition នឹងធ្វើឱ្យមានការផ្លាស់ប្តូរតួរឱ្យកត់សម្គាល់ ក្នុងការទ្រទ្រង់កម្មវិធីអាហារូបត្ថម្ភសម្រាប់កុមារ​នៅក្នុងមន្ទីរ​ពេទ្យ និងនៅ តាមសហគមន៍ជនបទ ដែលយើងកំពុងធ្វើការ។

សូមបញ្ជាក់ដែរថា មូលនិធិ Herbalife Nutrition (HNF) គឺជាអង្គភាពមិនរកប្រាក់ចំណេញមួយរបស់សហរដ្ឋអាមេរិក ដែលផ្តល់អាហារូបត្ថម្ភល្អ និងការអប់រំផ្នែក អាហារូបត្ថម្ភដល់កុមារនៅលើពិភពលោក។ HNF គាំទ្រដៃគូកម្មវិធី Casa Herbalife Nutrition ដែលមានមូលដ្ឋាននៅក្នុងសហគមន៍ជាង ១៤០កន្លែង នៅជុំវិញពិភពលោក ដែលជួយនាំយកអាហារូបត្ថម្ភដល់កុមារ ហើយមូលនិធិនេះប្តេជ្ញាចិត្តធានាថា កុមារត្រូវបានផ្តល់នូវអាហាររូបត្ថម្ភល្អ​សម្រាប់អនាគតកាន់​តែភ្លឺស្វាង។ HNF និងក្រុមហ៊ុន Herbalife Nutrition ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងផ្តល់ជំនួយ ដល់អង្គការដែលផ្តោតលើ សុខភាពទូទៅរបស់សហគមន៍។ សម្រាប់ព័ត៌មានបន្ថែមអំពី HNF និងវិធីដែលអ្នកអាចជួយដល់កុមារសូមចូលទៅ msiaus www.herbalifenutritionfoundation.org ៕