(ភ្នំពេញ)៖ ពលរដ្ឋមួយដែលមានលោក សន សួន ជាមេគ្រួសារ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាដល់គ្រួសារលោក សម្រាប់សុំទិញដីពីអ្នកជិតខាង ទំហំ១ម៉ែត្រ គុណ១៤.៣០ម៉ែត្រ នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក សន សួន បានឲ្យដឹងថា ផ្ទះរបស់ខ្លួនគ្មានផ្លូវដើរចេញចូល រយៈពេល ៦-៧ឆ្នាំមកហើយ ដោយត្រូវសុំដីគេដើរឆ្លងកាត់កន្លងមក ប៉ុន្ដែពេលនេះទទួលបានការសណ្ដោប្រណៃពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាសម្រាប់ទិញដីធ្វើផ្លូវ។

មេគ្រួសាររូបនេះ បានអះអាងទៀតថា លោក និងក្រុមគ្រួសារនឹងគ្មានថ្ងៃបំភ្លេចបានឡើយ ចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកន្លងមកបានផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសពេលនេះបានជួយដោះស្រាយបញ្ហាផ្លូវចេញចូលផ្ទះថែមទៀត៕