(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានលើកឡើងថា អ្នកព័ត៌មានគឺជាស្ពាន ក្នុងការចម្លងព័ត៌មានដ៏ត្រឹមត្រូវពីវិស័យមូលបត្រ ជូនដល់សាធារណជន។

លោកអះអាងថា សាធារណជនទាំងអស់មិនអាចចូលរួម ក្នុងសិក្ខាសាលានានា ស្ដីពី មូលបត្រនោះឡើយ ប៉ុន្ដែពួកគាត់នៅតែទទួលបានព័ត៌មាន តាមរយៈការផ្សព្វផ្សាយពីមានន័យថា ទោះបីជាពួកគាត់មិនបានចូលរួមផ្ទាល់ ប៉ុន្ដែពួកគាត់នៅតែទទួលបានចំណេះដឹង។

ការលើកឡើងបែបនេះ របស់អគ្គនាយករូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយ សម្រាប់អ្នកសារព័ត៌មាន លើកទី១០ ស្ដីពី «វិស័យមូលបត្រ និងប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ក្នុងសម័យសេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែង សសេរអត្ថបទព័ត៌មាន ក្នុងវិស័យមូលបត្រនៅកម្ពុជា» ដែលរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

លោក ស៊ូ សុជាតិ ថ្លែងឲ្យដឹងថា «ជាការពិតអ្នកព័ត៌មានបានរួមចំណែកយ៉ាងធំធេង និងជាដៃគូយ៉ាងសំខាន់ ក្នុងវិស័យមូលបត្រនៅកម្ពុជា។ សំខាន់ត្រង់ថាកាលពីមុនក្នុងនាមជា អគ្គនាយក គ.ម.ក ខ្ញុំតែងតែប្រើប្រាស់វិធានការក្ដៅ ក្នុងករណីម្ចាស់ក្រុមហ៊ុន ដែលស្ថិតក្រោម គ.ម.ក មិនអនុវត្តន៍ស្របតាមបទបញ្ញាតិនានា ប៉ុន្ដែបច្ចុប្បន្ននេះយើងមិនចាំបាច់ទៅរំលឹក ដល់ម្ចាស់ក្រុមហ៊ុននោះទេ ឲ្យដល់ពេលដែលត្រូវអនុវត្តន៍ ព័ត៌មាននឹងផ្សព្វផ្សាយក៏ដូចជា ជូនដំណឹងដល់ពួកគាត់រួចជាស្រេច ហើយនេះជាសារៈសំខាន់របស់ព័ត៌មាន»

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នអ្នកព័ត៌មានទទួលនូវចំណេះដឹង អំពីវិស័យមូលបត្រជាច្រើន ហើយពួកក៏បានដឹងថា ក្រុមហ៊ុនដែលបោះផ្សាយត្រូវមានភារកិច្ច រៀងរាល់ត្រីមាសបង្ហាញ ស្ថានភាពនៃក្រុមហ៊ុនរបស់ខ្លួន ហើយអ្នកព័ត៌មាននេះឯង ជាអ្នកដែលផ្ដល់នូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ផ្សព្វផ្សាយបន្ដដល់វិនិយោគិន។

ពាកព័ន្ធនឹងសារៈខាន់នៃអ្នកព័ត៌មាន លើវិស័យមូលបត្រនេះ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក៏បានឲ្យដឹងថា ជាក់ស្ដែងសម្រាប់សិក្ខាសាលាថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកព័ត៌មាន ក្នុងការក្រេបនូវចំណេះដឹងអំពី វិស័យមូលបត្រថែមមួយកម្រិតទៀត ដើម្បីជាទុនក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជន។

លោក ប៉ែន បូណា ក៏បានបញ្ជាក់ថា សម្រាប់អ្នកព័ត៌មានទាំងអស់ មុននឹងចង់ផ្សព្វផ្សាយអ្វីមួយ ត្រូវតែយល់ឲ្យច្បាស់អំពីព័ត៌មាននោះជាមុនសិន ទើបការផ្សព្វផ្សាយងាយស្រួលយល់ មានព័ត៌មានថ្មីៗជូនដល់សារធារណជនបានល្អប្រសើរ៕